កន្លែងលេងល្បែងស៊ីសងឆ្នោតឡូតូ “8888” និងមាន់ជលតាមប្រព័ន្ធអនឡាញ ៤ កន្លែង របស់បុគ្គលឈ្មោះ ម៉េង–សៅ–បូ កំពុងដំណើរការយ៉ាងរលូន នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ
ភ្នំពេញ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការរាយការណ៍ថា កន្លែងលេងល្បែងស៊ីសងឆ្នោតឡូតូ “8888” និងការលេងមាន់ជលតាមប្រព័ន្ធអនឡាញ ចំនួន ៤ កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កំពុងដំណើរការយ៉ាងរលូន និងមានអ្នកញៀនល្បែងចូលលេងរៀងរាល់ថ្ងៃ។
ការបើកអាជីវកម្មខុសច្បាប់ទាំងនេះ បានបង្កឲ្យប្រជាពលរដ្ឋក្នុងតំបន់បារម្ភយ៉ាងខ្លាំង ព្រោះមិនឃើញអាជ្ញាធរ មូលដ្ឋានចាត់វិធានការណាមួយឡើយ ទោះបីសកម្មភាពមានចំនួនជាច្រើនកំពុងដំណើរការជាប់ៗគ្នាផងដែរ។
ប្រភពព័ត៌មានមួយបញ្ជាក់ថា កន្លែងលេងល្បែងទាំង៤ ក្រោមសង្ស័យថា ជាការគ្រប់គ្រងដោយបុគ្គលឈ្មោះ “ម៉េង, សៅ និងបូ” ដែលបានដាក់បើកយ៉ាងអូសបន្លាយ មិនខ្លាចច្បាប់ និងបង្កឱ្យបរិយាកាសសន្តិសុខក្នុងតំបន់ធ្លាក់ចុះ។
ប្រជាពលរដ្ឋជាច្រើនក៏បានបញ្ជាក់ថា តាំងពីកន្លែងលេងល្បែងទាំងនេះបើកដំណើរការ ធ្វើឲ្យមានហានិភ័យចំពោះសន្តិសុខជាច្រើន ដូចជា ការលួច ឆក់ ប្លន់ ការគាស់ផ្ទះ និងអំពើហិង្សាក្នុងគ្រួសារ ដែលកើតចេញពីអ្នកញៀនល្បែងជាបន្តបន្ទាប់ ជាពិសេសនៅពេលរាត្រី។
ប្រជាពលរដ្ឋសូមអំពាវនាវឲ្យ លោក សក់ ច័ន្ធញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ និង លោក វរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ ចាត់កម្លាំងចុះស្រាវជ្រាវ បង្ក្រាប និងបិទបាំងកន្លែងលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះឲ្យបានអនាម័យ និងមានប្រសិទ្ធភាពបន្ទាន់។
គួររំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទទូទាំងល្បែងស៊ីសងក្នុងប្រទេស មិនថាមានឬគ្មានអាជ្ញាប័ណ្ណក៏ដោយ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ការលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ក៏បានរីករាលដាលឡើងវិញយ៉ាងគគ្រឹក ជាពិសេសនៅក្នុងតំបន់សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទូរស័ព្ទ៖ 097 421 6661




