ម្ចាស់មន្ទីរសម្រាកព្យាបាល «សុងហាក់ ម៉ារីណា» ជាប់ពន្ធនាគារ ៥ ឆ្នាំ ករណីចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់ និងយកសាកសពបោះចោល

ស្ត្រីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព «សុងហាក់ ម៉ារីណា» ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៥ ឆ្នាំ បន្ទាប់ពីបានចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់ ហើយយកសាកសពទៅបោះចោល។ ចំណែកប្ដីរបស់នាង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១ ឆ្នាំ។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានកាត់ទោសជនជាប់ចោទ ស៊ុន ម៉ារីណា អាយុ ៣៩ ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និងផាកពិន័យ ៨ លានរៀល ចូលថវិការដ្ឋ ពាក់ព័ន្ធនឹងករណីចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺស្លាប់ នៅមន្ទីរសម្រាកព្យាបាល និងសម្ភព «សុងហាក់ ម៉ារីណា» ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមអ្នកនាំពាក្យតុលាការខេត្តតាកែវ ស៊ុន ម៉ារីណា ត្រូវបានកាត់ទោសចំពោះបទចោទចំនួន ៤ រួមមាន៖
- មនុស្សឃាតដោយអចេតនា
- ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណ
- លាក់បំបាំងសាកសព
- ទារុណកម្ម និងអំពើឃោរឃៅពាក់ព័ន្ធនឹងជនរងគ្រោះ
ចំណែកជនជាប់ចោទ ហៀង សុងហាក់ អាយុ ៣៧ ឆ្នាំ ដែលជាប្ដី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ១ ឆ្នាំ និងប្រមាណប្រាក់ ៣ លានរៀល ចូលថវិការដ្ឋ ពាក់ព័ន្ធនឹងបទចោទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណ បណ្ដាលឲ្យអ្នកជំងឺស្លាប់។
តាមប្រភពសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ត្រីអ្នកជំងឺ ណាំ ចន្ធូ អាយុ ៤១ ឆ្នាំ បានទៅដល់មន្ទីរសម្រាកព្យាបាលនេះ ដើម្បីព្យាបាលជំងឺ ដោយនាំក្មួយស្រីអាយុ ៣ ឆ្នាំម្នាក់ទៅជាមួយ។ បន្ទាប់មក អ្នកជំងឺបានប្រតិកម្មថ្នាំរហូតដល់ស្លាប់។ ម្ចាស់មន្ទីរនេះ ដែលបើកដំណើរការរយៈពេលរាប់ឆ្នាំដោយគ្មានអាជ្ញាប័ណ្ណ បានយកសាកសពអ្នកជំងឺ និងក្មេងស្រី ទៅបោះចោលក្នុងគុម្ពោតព្រៃមួយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាល ដើម្បីបញ្ជូនទៅតុលាការ ខណៈមន្ទីរនេះក៏ត្រូវបានក្រសួងសុខាភិបាលបិទមិនឲ្យដំណើរការទៀត៕
ដោយ ហុក វិបុល 0974216661

