ប្រធាន អនុប្រធាន និងចៅក្រមនៃសាលាជម្រះក្ដីមួយចំនួនត្រូវបានស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង

មន្ត្រីបម្រើការក្នុងស្ថាប័នតុលាការ រាប់ចាប់ពីប្រធាន អនុប្រធានសាលាជម្រះក្ដី អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងចៅក្រម ប្រមាណជិត ១៥០រូប ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដែលការសម្រេចនេះ ធ្វើឡើងក្នុងសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៧ ខែវិច្ឆិកា។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៩ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គប្រជុំបានសម្រេចយល់ព្រមលើការស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម នៃសាលាជម្រះក្តី សរុបមានចំនួន៨៩រូប។ ការសម្រេចនេះ ដោយសារប្រធាន អនុប្រធាន និងចៅក្រមទាំងនោះដល់វេនត្រូវផ្លាស់ប្ដូរ និងដោយយោងទៅតាមតម្រូវការជាក់ស្ដែង ក្នុងនោះរួមមាន ថ្នាក់តុលាការកំពូលចំនួន២រូប ថ្នាក់សាលាឧទ្ធរណ៍ចំនួន១៧រូប និងថ្នាក់សាលាដំបូងរាជធានី-ខេត្តចំនួន៧០រូប។

អង្គប្រជុំខាងលើ កាលពីម្សិលមិញ ក៏បានយល់ព្រមលើសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបមានចំនួន៥៦រូប ក្នុងនោះរួមមាន នៅថ្នាក់មហាអយ្យការអមតុលាការកំពូលចំនួន៣រូប និងនៅថ្នាក់អយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ៥៣រូប។

ដំណាលគ្នានេះ ចៅក្រម និងព្រះរាជអាជ្ញាសរុបទាំងអស់មានចំនួន១៧០រូប ក៏ត្រូវបានអង្គប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម យល់ព្រមលើការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *