មានព័ត៌មានថា ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងអូរភ្លូកដំរី ខេត្តពោធិ៍សាត់
ដោយ៖ អ៊ុក ទូច
ភ្នំធំ / ពោធិ៍សាត់ — តាមប្រភពព័ត៌មានដែលមានភាពជឿជាក់ បានបញ្ជាក់ទល់នឹង Fresh News កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ទាហានថៃបានគ្រោងអនុវត្តសកម្មភាពវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លូកដំរី ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមរំលឹកថា កន្លងមក ភាគីថៃត្រូវបានចោទប្រកាន់ថា បានរបួសបំពានលើអធិបតេយ្យភាព និងអភិបាលភាពទឹកដីកម្ពុជាបន្តបន្ទាប់ ដូចជា ការចូលរាយបន្លាលួស ការបោសសម្អាតមីនជាឯកតោភាគី ការកសាងផ្លូវថ្មី ការសង់លេណដ្ឋាន និងសកម្មភាពល្បាតផ្សេងៗតាមដែនសព្វថ្ងៃ។
ក្នុងករណីនេះ ភាគីថៃបានអះអាងថា កម្ពុជា «ទន្ទ្រានយកទឹកដីថៃ» នៅខេត្តត្រាត ចំនួន ១៧ ទីតាំង រួមមាន៖
- ឃុំចំរៀក ស្រុកមឿងត្រាត ចំនួន ៤ ចំណុច
- ឃុំឡែមក្លាត ស្រុកមឿងត្រាត ៦ ចំណុច
- ឃុំម៉ៃរូត ស្រុកខនយ៉ៃ ៥ ចំណុច
- ឃុំខ្លងយ៉ៃ ស្រុកខនយ៉ៃ ១ ចំណុច
- ឃុំហាតឡេក ស្រុកខនយ៉ៃ ១ ចំណុច។
ប៉ុន្តែភាគីកម្ពុជា បន្តអះអាងជាប់លាប់ថា ទឹកដីដែលកម្ពុជាគ្រប់គ្រងត្រឹមត្រូវតាមផែនទីសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង ១៩០៧ ព្រមទាំងអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០០ (MOU-2000) ទាក់ទិនព្រំដែនគោកកម្ពុជា-ថៃ។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៥ ខែកញ្ញា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយរបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងកាសែត The Nation របស់ថៃ ដែលធ្វើឲ្យហាក់បង្ហាញថា «ពលរដ្ឋខ្មែរចូលលំនៅ ឬឈ្លានពានលើទឹកដីថៃ» នៅលើ ១៧ តំបន់ ដែលមានទីតាំងពីខេត្តពោធិ៍សាត់ ដល់ ខេត្តកោះកុង។
ក្រសួងការបរទេសកម្ពុជាបានពន្យល់ថា ទីតាំងទាំងនោះមួយចំនួន នៅតែ មិនទាន់កំណត់ព្រំដែនច្បាស់លាស់ ហើយប្រជាជនពីប្រទេសទាំងពីរ បានរស់នៅ និងប្រើប្រាស់ដីធ្លីរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ព្រឹត្តិការណ៍នេះធ្លាក់ក្នុងការដោះស្រាយតាមរយៈគណៈកម្មការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) តាម MOU ឆ្នាំ២០០០។
ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃ លើកយកបញ្ហាទាំងនេះទៅពិភាក្សា ក្នុងកិច្ចប្រជុំ JBC ដែលទាំងពីរភាគីគ្រោងជួបជុំក្នុងខែក្រោយ។
តាមការបង្ហាញលើផែនទី ១/៥០ ០០០ ដែលថៃប្រើតែម្នាក់ឯង តែងលើកឡើងថា «ទីតាំង ១៧ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាទឹកដីរបស់ថៃ» បណ្ដាលឲ្យមានការប្រឈមមុខដាក់គ្នា និងការខ្វែងគំនិតជាញឹកញាប់ នៅតំបន់មិនទាន់ដាច់ស្រេចទាំងនោះ៕
ដោយ៖ អ៊ុក ទូច

