អភិបាលខេត្តប៉ៃលិន រំលឹកដល់អាជ្ញាធរក្រុង-ស្រុក ឲ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពពលករ វិលត្រឡប់ពីថៃ (ដោយ៖ អ៊ុក ទូច)វិទ្យុ

អភិបាលខេត្តប៉ៃលិន រំលឹកដល់អាជ្ញាធរក្រុង-ស្រុក ឲ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពពលករ វិលត្រឡប់ពីថៃ
(ដោយ៖ អ៊ុក ទូច)វិទ្យុ
ចេញផ្សាយ៖ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរំលឹកដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង-ស្រុកនៅក្នុងខេត្ត អោយពិនិត្យឡើងវិញនូវបញ្ហានានាដែលបានកើតឡើងមុននេះ មិនត្រូវទុកចោលឡើយ និងត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាពិសេស លោកជំទាវបានដាក់សំខាន់លើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ លើសពីនេះ ក៏បានផ្តល់ការណែនាំឲ្យអាជ្ញាធរជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។
ប្រសាសន៍នេះត្រូវបានផ្សាយនៅព្រឹកថ្ងៃចន្ទ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាសលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមជាមួយឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក និងនាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង-ស្រុកជាច្រើន។
លោកជំទាវក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ដែលបានសហការគ្នាដើម្បីអនុវត្តភារកិច្ចយ៉ាងត្រឹមត្រូវ ព្រមទាំងការពារទឹកដី ថែរក្សាសន្តិសុខ និងសេវាសាធារណៈ។ ការងារនេះបានជួយសម្រួល និងអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានភាពរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកិច្ចប្រជុំផងដែរ ឯកឧត្តម ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត និងរដ្ឋបាលខេត្តក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាដែលទាក់ទងនឹងពលករវិលត្រឡប់ពីថៃ ត្រូវបានសម្របសម្រួលយ៉ាងមានប្រសិទ្ធភាព និងជួយសម្រួលរកការងារជូនពួកគាត់។
ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានផ្ញើសារ សន្យាឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បន្តខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តសេវាសាធារណៈឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧។
ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *