រដ្ឋបាលខេត្តប៉ៃលិន
ប្រកាសថ្កោលទោសចំពោះកងកម្លាំងថៃ ដែលបានបាញ់ប្រហារលើប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ — ម៉ោង១៩:៥០នាទី
(ដោយលោក អ៊ុក ទូច)
(ភ្នំពេញ)៖ រដ្ឋបាលខេត្តប៉ៃលិន សំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ និងប្រកាសថ្កោលទោសយ៉ាងដាច់ខាត ចំពោះអំពើហិង្សារបស់កងកម្លាំងថៃ ដែលបានបើកការបាញ់ប្រហារ មកលើប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ៣៖៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំពើហិង្សានេះ បានបណ្តាលឱ្យពលរដ្ឋកម្ពុជា ៣ នាក់ រងរបួសធ្ងន់ធ្ងរ និង ១ នាក់បាត់បង់ជីវិត ដែលជាការបំផ្លិចបំផ្លាញសិទ្ធិមនុស្ស និងធ្វើឲ្យកើតបញ្ហាសុខុមាលភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។
រដ្ឋបាលខេត្តប៉ៃលិនផ្តាច់មុខគិតថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធបែបនេះ គឺផ្ទុយបែបមិនអាចទទួលយកបាន ទៅនឹងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន កិច្ចព្រមព្រៀងទ្វេភាគី និងការប្តេជ្ញារួមក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី។ ជាពិសេស វាបំពានលើយន្តការគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលមានភារកិច្ចវាស់វែងដីបោះ បង្គោលបណ្តោះអាសន្ន និងរក្សាស្ថានភាពដើម រហូតដល់មានការសម្រេចចុងក្រោយ។
រដ្ឋបាលខេត្តប៉ៃ លិន សូមអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ អាស៊ាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ឱ្យចូលរួមសង្កេតការណ៍ និងជំរុញឲ្យភាគីថៃ គោរពតាមកិច្ចព្រមព្រៀងសន្តិភាព និងបញ្ឈប់ភ្លាមៗនូវការគំរាមកំហែងរ៉ាំរ៉ៃ ទៅលើពលរដ្ឋស៊ីវិលកម្ពុជា នៅតាមតំបន់ព្រំដែន ជាពិសេសនៅភូមិព្រៃចាន់។ ព្រមទាំងទាមទារឱ្យភាគីថៃ មិនប្រើប្រាស់កម្លាំងយោធា ក្នុងការដោះស្រាយបញ្ហាព្រំដែនឡើយ។
យើងបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការដោះស្រាយជម្លោះព្រំដែនតាមសន្តិវិធី ហើយមានការចាស់ទុំ ប្រកាន់ខ្ជាប់លើការគោរពកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា–ថៃ។ រដ្ឋបាលខេត្តប៉ៃលិនសូមអំពាវនាវឲ្យភាគីថៃ គោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងឡាយ ដោយមានភាពម៉ឺងម៉ាត់ ស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ។

