កិច្ចប្រជុំស្វែងរកដំណោះស្រាយបណ្តឹងរវាង មន្ទីរព័ត៌មានខេត្តកណ្តាល និង ម្ចាស់អាជីកម្មសារព័ត៌មាន “ពន្លឺព្រះធម៌”

 


កិច្ចប្រជុំស្វែងរកដំណោះស្រាយបណ្តឹងរវាង មន្ទីរព័ត៌មានខេត្តកណ្តាល និង ម្ចាស់អាជីកម្មសារព័ត៌មាន “ពន្លឺព្រះធម៌”

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រព្រឹត្តទៅនូវ កិច្ចប្រជុំស្វែងរកដំណោះស្រាយបណ្តឹងរវាង មន្ទីរព័ត៌មានខេត្តកណ្តាល និងម្ចាស់អាជីកម្មសារព័ត៌មាន “ពន្លឺព្រះធម៌” (www.plpt.net) ដោយមានការចូលរួមពីភាគីទាំងពីរទាក់ទងនឹងការផ្សាយព័ត៌មាន និងអាជ្ញាបណ្ណប្រើប្រាស់គេហទំព័រ។

ក្នុងកិច្ចប្រជុំនេះ៖

១. ភាគីទី១ គឺ ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ គេហទំព័រ “ពន្លឺព្រះធម៌” បានផ្សាយព័ត៌មានមួយប៉ះពាល់ដល់មន្ត្រី ប្រធាន និងអនុប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដោយសកម្មភាពនោះត្រូវបានចាត់ទុកថា ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ។ ដូច្នេះ មន្ទីរព័ត៌មានខេត្តកណ្តាលបានស្នើសុំឲ្យក្រសួងព័ត៌មានពិនិត្យ និងព្យួរ ឬលុបចោលអាជ្ញាបណ្ណរបស់គេហទំព័រនេះ។

២. ភាគីទី២ គឺ លោក ហុក វិបុល ម្ចាស់គេហទំព័រ “ពន្លឺព្រះធម៌” បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានចេញបេសកម្មទៅខេត្តកណ្តាល ដើម្បីរៀបចំលិខិតអនុញ្ញាតប្រើប្រាស់គេហទំព័រ “ខេអេច ដែនជាតិខ្មែរ (KH National Domain)” ប៉ុន្តែបានជួបការលំបាកក្នុងដំណើរការផ្លូវការផ្ទាល់មន្ទីរ។ លោកបានបន្តពន្យល់ថា មិនមានបំណងផ្សាយប៉ះពាល់នរណាទេ ប៉ុន្តែសកម្មភាពផ្សាយត្រូវធ្វើក្នុងបរិបទការអាប់ដេតព័ត៌មាន និងការរក្សាទុកឯកសារ។

បន្ទាប់មក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ គេហទំព័ររបស់លោកបានជួបបញ្ហាបច្ចេកទេស និងបាត់បង់ទិន្នន័យទាំងមូល។ ក្រោយមក លោក ហុក វិបុល បានស្នើសុំលិខិតអនុញ្ញាតថ្មី និងបានបំពេញលិខិតប្រកាសជូនក្រសួងព័ត៌មានតាមនិតិវិធីរួចរាល់។

៣. ខាងមន្ទីរព័ត៌មានខេត្តកណ្តាល ក៏បានស្នើសុំបន្តលុប ឬពិនិត្យឡើងវិញលិខិតអនុញ្ញាតថ្មី ដែលមានឈ្មោះលោក ហុក វិបុល។

ចុងក្រោយ លោក ហុក វិបុល បានលើកឡើងថា សកម្មភាពនៃការស្នើសុំលុបឈ្មោះ និងការរារាំងការផ្សាយជាបែបនេះ អាចប៉ះពាល់ដល់សិទ្ធិវិជ្ជាជីវៈ ការអភិវឌ្ឍសារព័ត៌មាន សិទ្ធិមនុស្ស និងការអនុវត្តច្បាប់នានា ទាក់ទងនឹងសេរីភាពព័ត៌មាន និងការបែងចែកតួនាទីរបស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ១១:៣៥ នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងបរិយាកាសសន្តិភាព និងមានការយល់ព្រមឲ្យក្រសួងព័ត៌មានបន្តពិនិត្យពិតប្រាកដលើឯកសារផ្លូវការទាំងអស់ ដើម្បីរកដំណោះស្រាយសមស្រប និងមានតម្លាភាព។


Leave a Reply

Your email address will not be published. Required fields are marked *