សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃមរណភាពរបស់ ឯកឧត្តម បណ្ឌិត ជា ចាន់តូ ភ្នំពេញ÷ នៅ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យរំលឹកខួបមួយឆ្នាំ នៃមរណភាពរបស់ ឯកឧត្តម បណ្ឌិត ជា ចាន់តូ
ភ្នំពេញ÷ នៅរសៀល​ថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម​ក្នុង​ពិធី​បុណ្យរំលឹក​ខួបមួយឆ្នាំ​នៃ​មរណភាព​របស់ ឯកឧត្តម បណ្ឌិត ជា ចាន់តូ តំណាងរាស្រ្ត​មណ្ឌល​ខេត្តកំពង់ធំ និង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា។
ឯកឧត្តម បណ្ឌិត ជា ចាន់តូ បានទទួលមរណភាព នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ។
ការបាត់បង់ ឯកឧត្តម បណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់ដ៏ធំមួយសម្រាប់គ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ គំរូដ៏ល្អមួយ។ ឯកឧត្តម បណ្ឌិត ជា ចាន់តូ តែងតែផ្តល់ដំបូន្មាន អប់រំ ប្រៀនប្រដៅ បុត្រា បុត្រី និងចៅៗឲ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ក្នុងទិសដៅជាតិ ឯកឧត្តម បណ្ឌិត ជា ចាន់តូ គឺជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានឧទ្ទិសកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតីទាំងស្រុង ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ ជាពិសេស ឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង ការកែទម្រង់ និងការលើកកម្ពស់វិស័យផែនការ ផែនការសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញការវិនិយោគនៅកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យធនាគារ តាមរយៈការធ្វើទំនើបកម្ម និងការរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងរូបិយវត្ថុរហូតដល់សព្វថ្ងៃ។
សម្ដេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដោយបីបាច់ថែរក្សា ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បណ្ឌិត ជា ចាន់តូ ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *