រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦
22-10-2025 13:23
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ ដើម្បីឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ អនុរដ្ឋលខា អគ្គនាយក អគ្គនាយិកាជំនាញទាំង៥ របស់ក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត។
ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន្ទរកថាស្ដីពីលទ្ធផលឆ្នាំចាស់ និងលើកទិសដៅការងារ ឆ្នាំថ្មី ការត្រៀមនូវបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ជាដើម សម្រាប់កម្មវិធីសន្និបាតនាឱកាសនោះ។
ទិសដៅរបស់ក្រសួងព័ត៌មាន ដោយបានជំរុញឱ្យអ្នកសារព័ត៌មានត្រូវរួមគ្នាកសាងរូបភាព សេរីភាពសារព័ត៌មានមួយដែលរឹងមាំ ជំនាញវិជ្ជាជីវៈសារព័ត៌មាន ដែលរឹងមាំ មានគុណភាព និងមានការជឿជាក់។ ជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន។
នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបន្តប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។ ក្រសួងក៏បានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ តាមរយៈការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ទាន់ហេតុការណ៍ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន សំដៅធានានូវសិទ្ធិទទួលបានព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន៕

















