ឯកឧត្តម ហេង សួរ អញ្ជើញបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) នៅខេត្តសៀមរាប
សៀមរាប៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើក កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st Senior Labour Officials Meeting – SLOM) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
នេះជាលើកទីពីរហើយដែលកម្ពុជាបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ បន្ទាប់ពីលើកដំបូងនៅឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ ការចូលរួមជាថ្មីនេះ បង្ហាញពីក្តីស្មោះត្រង់ និងកិច្ចប្តេជ្ញារបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសអាស៊ាន ដើម្បីពង្រឹងកម្លាំងពលកម្មប្រកបដោយបរិយាបន្នភាព ចីរភាព ភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។
ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរ លោកជំទាវ Joan Moh អនុរដ្ឋលេខាធិការនៃក្រសួងហត្ថពលកម្ម ប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤–២០២៦ ចំពោះការធ្វើជាប្រធាននៃកិច្ចប្រជុំ រដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និង កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២០ និងទី២១ (20th & 21st SLOM)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហការរួម ដោយផ្តោតលើបញ្ហាទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ការចល័តភាពកម្លាំងពលកម្ម ការធានាសុវត្ថិភាព និងសុខភាពការងារ។
ឯកឧត្តម ហេង សួរ ក៏បានវាយតម្លៃខ្ពស់ចំពោះឧត្តមមន្ត្រីការងារអាស៊ាន ដែលបានសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអនុវត្តរបៀបវារៈពាក់ព័ន្ធនឹងការអភិវឌ្ឍកម្លាំងពលកម្ម និងវិស័យការងារ តាមរយៈកម្មវិធីទប់ស្កាត់ ការអប់រំ និងការគាំពារសង្គម ដែលស្របតាមប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” ដោយសិង្ហបុរីជាប្រធាន និងប្រធានបទ “បរិយាបន្ន និងចីរភាព” ដោយម៉ាឡេស៊ីជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ។
ក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោកកំពុងឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មីនៃចល័តភាពទេសន្តរប្រវេសន៍ ឯកឧត្តមបានលើកឡើងថា វាជាឱកាសដ៏សម្បើមសម្រាប់អាស៊ានក្នុងការរីកចម្រើន និងបង្កើតនវានុវត្តន៍ថ្មីៗ។ ដូច្នេះ ការផ្ដួចផ្ដើមគំនិត និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅទីផ្សារការងារ ការពង្រីកប្រព័ន្ធសន្តិសុខសង្គម និងការបិទគម្លាតជំនាញ គឺជាបញ្ហាដែលមានភាពចាំបាច់ និងសក្ដិសមជាពិសេសសម្រាប់អនាគតនៃការងារនៅតំបន់អាស៊ាន៕ដោយ អ៊ុក ទូច

