កិច្ចប្រជុំពិសេស JBC ថ្ងៃទី១ ត្រូវបានសម្រាក ហើយនឹងបន្តនៅថ្ងៃស្អែក

កិច្ចប្រជុំពិសេស JBC ថ្ងៃទី១ ត្រូវបានសម្រាក ហើយនឹងបន្តនៅថ្ងៃស្អែក

(ចន្ទបុរី, ថៃ)៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ថ្ងៃទី១ ដែលធ្វើឡើងនាវេលា១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ត្រូវ​បានសម្រាកហើយនៅវេលាម៉ោងប្រមាណជិត៥៖៣០នាទី ហើយកិច្ចប្រជុំនឹងចាប់ផ្តើមនៅព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០២៥ជាបន្តទៀត។

កម្ពុជា និងថៃ កំពុងពើបប្រទះបញ្ហាដ៏ស្មុគស្មាញពាក់ព័ន្ធនឹងព្រំដែនរវាង​ប្រទេស​ទាំង​ពីរ។ បញ្ហាដ៏ស្មុគស្មាញនេះបានបង្កឱ្យបរិយាកាសនៃការជជែកលើបញ្ហាព្រំដែន​ក្នុង​កិច្ច​ប្រជុំត្រូវជួបការលំបាកជាច្រើនផងដែរ ដែលទាមទារឱ្យការជជែកត្រូវមាន​បត់​បែន និងប្រយ័ត្នប្រយែងខ្ពស់បំផុតរាប់ចាប់ពីការប្រើប្រាស់ពាក្យសម្តីមួយ​មាត់ៗ​ឡើង​ទៅ។

កិច្ចប្រជុំនៅថ្ងៃនេះ ក្រៅពីកិច្ចប្រជុំពេញអង្គដែលជាកិច្ចប្រជុំទូលាយហើយនោះ គេក៏​ឃើញ​មានកិច្ចប្រជុំចង្អៀតផង។ កិច្ចប្រជុំពេញអង្គ ជាកិច្ចប្រជុំដែលមានការ​ចូល​រួម​ពី​ភាគីពាក់ព័ន្ធដូចជាមន្ត្រីមហាផ្ទៃ មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តាខេត្ត​ជាប់​ព្រំ​ដែន។ ដោយឡែកកិច្ចប្រជុំចង្អៀតត្រូវបានធ្វើឡើងតទល់គ្នារវាងលោក ឡាំ ជា រដ្ឋ​មន្ត្រី​​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការ​ចម្រុះ​ព្រំដែនកម្ពុជា-ថៃ និងលោក Prasas Prasasvinitchai ទី​ប្រឹក្សាក្រសួង​ការបរ​ទេ​ស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំចង្អៀតនេះ គឺជា​ការ​ជជែកលក្ខណៈពិសេស ដើម្បីទម្លុះទម្លាយបញ្ហាដែលតានតឹងខ្លាំង ឬនិយាយពី​លក្ខ​ណៈ​​​បច្ចេក​ទេសនៃការប្រើពាក្យពេចន៍នានានៅក្នុងសេចក្តីថ្លែងការណ៍រួមជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ​សំខាន់ៗ​ចំនួន២រួមមាន៖

១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន​ធ្វើ​ឡើ​ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥

២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ រយៈ​ពេលពីរថ្ងៃនេះ ជា​ការបង្ហាញនូវកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការ​ដោះ​​ស្រាយបញ្ហា​ព្រំដែន​រវាងកម្ពុជា-ថៃ។ កម្ពុជា និងថៃ ដែលជាអ្នកជិតខាងនឹងគ្នារាប់រយឆ្នាំមកហើយ​នោះ មិនអាចសាងភាពសុខសាន្ត ហើយជម្លោះនឹងនៅតែកើតមាន ដរាបណា​បញ្ហា​មិន​ត្រូវបានដោះស្រាយ ឬខណ្ឌសីមាប្រទេសទាំងពីរមិនត្រូវបានកំណត់ឱ្យបាន​ច្បាស់​លាស់៕

 

Leave a Reply

Your email address will not be published. Required fields are marked *