ការឃាត់ខ្លួនជនសង្ស័យឈ្មោះ “ពិន ប៉ូច” មគ្គុទ្ទេសក៍ទេសចរណ៍ អនុវត្តតាមនីតិវិធីច្បាប់ មិនពាក់ព័ន្ធនឹងនយោបាយឡើយ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច មគ្គុទ្ទេសក៍ទេសចរណ៍ មួយរូប បានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ ដោយមិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
សេចក្តីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ការឃាត់ខ្លួននេះអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទ រួមគំនិតក្បត់ និងធ្វើសកម្មភាពតាមប្រព័ន្ធបច្ចេកវិទ្យា ទូរគមនាគមន៍ និងបណ្តាញសង្គម (ហ្វេសប៊ុក)។
បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់។ តាមការស៊ើបសួរនិងប្រមូលភស្តុតាង បង្ហាញថា ជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយខ្លឹមសារ និងបង្ហោះមតិយោបល់ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋានអង្គហេតុច្បាស់លាស់។ សកម្មភាពនេះមានគោលបំណងបណ្តុះបណ្តាលគំនិតជ្រុលនិយម និងញុះញង់ឲ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការឃាត់ខ្លួននេះជាការអនុវត្តតាមច្បាប់យ៉ាងត្រឹមត្រូវ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ការអនុវត្តច្បាប់នេះ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពច្បាប់ជាធរមាន។
អំពីការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលមួយចំនួនថា ការឃាត់ខ្លួនជនសង្ស័យនេះជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិនិងបង្ហាញភាពបំភិតបំភ័យផ្នែកនយោបាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលយ៉ាងតឹងរឹង ដោយថា ការចោទប្រកាន់នេះជាព័ត៌មានមិនពិត ហើយមិនផ្អែកលើអង្គហេតុនិងច្បាប់ឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបឲ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

