ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

 

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៦ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែកញ្ញាឆ្នាំ២០២៥ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន ៣. បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកស្រីបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់ មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទី ភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេស បាន ចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការ រួមចំណែកឲ្យខេត្តប៉ៃលិន យើងមានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំលោក ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើការដោះស្រាយរាល់បញ្ហា នានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ គួរជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេស បានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិញត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ។

នៅក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សា បានផ្តាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការ ដោះស្រាយ បញ្ហាប្រឈមនានា ក៏ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕ដោយ ស សារឿន

 

 

Leave a Reply

Your email address will not be published. Required fields are marked *