ឯកឧត្តម កែវ រ៉េមី ព្រមានថា៖ ប្រទេសថៃប្រើ “ច្បាប់ព្រៃ” និងព្រមានថា ការព្រងើយកន្តើយរបស់ OHCHR អាចបណ្តាលឲ្យបាត់បង់ទំនុកចិត្តលើយន្តការអន្តរជាតិ
ភ្នំពេញ, ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រទេសថៃនៅតំបន់ព្រំដែន ដែលត្រូវបានចាត់ទុកថាជា ការប្រើប្រាស់ “ច្បាប់ព្រៃ” និងជាទង្វើដែល មិនគោរពច្បាប់អន្តរជាតិ ក៏ដូចជា មើលងាយយន្តការអន្តរជាតិ។
ប្រសាសន៍របស់ឯកឧត្តម កែវ រ៉េមី បានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍បន្តអំពីការរំខានដោយសំឡេងខ្លាំងៗនៅតំបន់ទល់មុខភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានចាត់ទុកថា ជាទម្រង់នៃការយាយីផ្លូវចិត្តចំពោះប្រជាពលរដ្ឋនៅតាមព្រំដែន។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖
“ប្រទេសថៃកាន់តែគឃ្លើន ដោយប្រើប្រាស់ច្បាប់ព្រៃ មិនគោរពច្បាប់អន្តរជាតិ និងមើលងាយយន្តការអន្តរជាតិ។ ប្រសិនបើ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មិនមានវិធានការទាន់ពេលវេលា និងម៉ឺងម៉ាត់ទេ នោះអាចបណ្តាលឲ្យសហគមន៍អន្តរជាតិ បាត់បង់សេចក្តីទុកចិត្តលើច្បាប់ និងលើយន្តការអន្តរជាតិទាំងមូល។”
ប្រសាសន៍នេះបញ្ជាក់ថា កម្ពុជាមានការទទូចឲ្យស្ថាប័នសិទ្ធិមនុស្សអន្តរជាតិជាពិសេស OHCHR មានប្រតិកម្មលឿន និងច្បាស់លាស់ ចំពោះសកម្មភាពណាដែលរំលោភសិទ្ធិរស់នៅដោយសន្តិភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC)

