ប្រជាពលរដ្ឋតាមព្រំដែនប៉ៃលិនសម្រុកប្តូរប្រាក់បាតថៃ មកជារៀល និងដុល្លារ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន
(លោក អ៊ុក ទូច និពន្ធនាយក ខេត្តប៉ៃលិន)
(ប៉ៃលិន)៖ ឆ្លើយតបទៅនឹងការណែនាំដ៏ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានចាប់ផ្តើមប្រតិបត្តិការយ៉ាងសកម្មក្នុងការ ឈប់ប្រើប្រាស់ និងប្តូរប្រាក់បាតថៃ ទៅជាប្រាក់រៀលខ្មែរ ឬប្រាក់ដុល្លារអាមេរិកវិញ។
ការផ្លាស់ប្តូរឥរិយាបថប្រើប្រាស់រូបិយវត្ថុនេះ កើតឡើងយ៉ាងឆាប់រហ័ស ទាំងនៅទីប្រជុំជន និងទីជនបទ បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្បែរតំបន់ព្រំដែនថៃ ឱ្យប្រញាប់ប្តូរប្រាក់បាតថៃដែលកាន់កាប់ ទៅជារូបិយវត្ថុជាតិ (ប្រាក់រៀល) ឬដុល្លារអាមេរិក។
សម្តេចបានព្រមានថា ប្រសិនបើមិនមានការផ្លាស់ប្តូរទម្លាប់នេះទេ ប្រជាពលរដ្ឋអាចនឹង រងការខាតបង់ធ្ងន់ធ្ងរ នៅពេលខាងមុខ និងអាចក្លាយជា ចំណុចខ្សោយ ដែលអនុញ្ញាតឱ្យគេយកទៅគំរាមកំហែង ដូចដែលធ្លាប់បានកើតឡើងកាលពីពេលមុនៗ ក្នុងវិស័យអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា ការសម្រេចឈប់ប្រើប្រាស់ប្រាក់បាតថៃ និងងាកមកប្រើប្រាស់ប្រាក់រៀលខ្មែរវិញ គឺជាចំណែកមួយដ៏សំខាន់ក្នុងការ ជួយពង្រឹងដល់រូបិយវត្ថុជាតិ និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
ដោយ លោក អ៊ុក ទូច និពន្ធនាយក ខេត្តប៉ៃលិន

