មន្ទីរព័ត៌មានខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាល «ភាពជាអ្នកដឹកនាំឌីជីថល និងសុវត្ថិភាពសាយប័រ» ស្របតាមយុទ្ធសាស្ត្របច្ចកោណ (ដោយ៖ ស សារឿន)

មន្ទីរព័ត៌មានខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាល «ភាពជាអ្នកដឹកនាំឌីជីថល និងសុវត្ថិភាពសាយប័រ» ស្របតាមយុទ្ធសាស្ត្របច្ចកោណ

(ដោយ៖ ស សារឿន)

ប៉ៃលិន៖ នៅក្នុងនារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត ប្រារព្ធពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំឌីជីថល (Digital Leadership) និងសុវត្ថិភាពសាយប័រ (Cybersecurity)» នៅទីស្នាក់ការមន្ទីរកិច្ចការនារីខេត្តប៉ៃលិន។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ថ្នាក់ដឹកនាំមន្ទីរផ្សេងៗ មន្ត្រីក្របខ័ណ្ឌ និងមន្ត្រីកិច្ចសន្យា គ្រប់ជាន់ថ្នាក់ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ពិធីបើកវគ្គ មានអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានស្តីទីខេត្តប៉ៃលិន និង លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន។

តាមការបញ្ជាក់របស់អ្នករៀបចំ ការបណ្តុះបណ្ដាលនេះ មានគោលបំណង ពង្រឹងសមត្ថភាព និងលើកកម្ពស់វប្បធម៌ឌីជីថលក្នុងស្ថាប័នរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបរិវត្តកម្មឌីជីថល ក៏ដូចជាការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ។

ការរៀបចំវគ្គនេះ ក៏ជាការរួមចំណែកដ៏សកម្មមួយ ក្នុងការសម្រេចអាទិភាពគន្លឹះ «បច្ចេកវិទ្យាឌីជីថល» នៃ យុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

ដោយ៖ ស សារឿន


 


Leave a Reply

Your email address will not be published. Required fields are marked *