កិច្ចប្រជុំពិសេស GBC លើកទី២៖ កម្ពុជា-ថៃ ឯកភាពគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ដោយនឹងសម្រួលអាវុធធុនធ្ងន់ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ

កិច្ចប្រជុំពិសេស GBC លើកទី២៖ កម្ពុជា-ថៃ ឯកភាពគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ដោយនឹងសម្រួលអាវុធធុនធ្ងន់ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ

23-10-2025 12:05

(ម៉ាឡេស៊ី)៖ កម្ពុជា-ថៃ បានឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រៀងដំបូង នៃឯកសារផែនការសកម្មភាពការងារ សម្រួលអាវុធធុនធ្ងន់ដែល មានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ។ នេះបើតាមលទ្ធផល ដែលបង្ហាញដោយនាយឧត្តមសេនីយ៍ ទៀ សីហា ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រយៈពេល៤ថ្ងៃមកហើយ ដោយ៣ថ្ងៃដំបូង ជាកិច្ចប្រជុំក្រុមលេខា និងថ្ងៃចុងក្រោយកិច្ចប្រជុំធំ ដែលដឹកនាំដោយរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ។

ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានបញ្ជាក់ថា៖ «ភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រៀងដំបូង នៃឯកសារផែនការសកម្មភាពការងារ សម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ ត្រឡប់ទៅមូលដ្ឋានដើមវិញ»។

លោកបន្តថា ការអនុវត្តផែនការនេះ នឹងធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកសារលក្ខខណ្ឌប្រតិបត្តិ TOA ស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ត្រូវបានចុះហត្ថលេខារួចហើយ នៅក្នុងកិច្ចប្រជុំ​​ពិសេសលើកទី២ GBC នៅប្រទេសម៉ាឡេស៊ីនាពេលនេះ។

ភាគីទាំងពីរក៏បានឯកភាពគ្នា លើនីតិវិធីប្រតិបត្តិ SOP ចំពោះការងារដោះមីនមនុស្សធម៌ សំដៅចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅការពារដល់អាយុជីវិត របស់ប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវការថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ទៀតថា «យើងក៏បានឯកភាពគ្នាផងដែរ លើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Cyber scam និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិថៃ»។

កម្ពុជា-ថៃ ក៏បានបញ្ជាក់សារជាថ្មីពីការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកព័ត៌មាន ដោយធានាថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយតាមច្បាប់ជាតិ និងគោលការណ៍មនុស្សធម៌។

រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានប្រកាសស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ខាងមុខនេះ ដោយនាយករដ្ឋម​ន្រ្តីប្រទេសទាំងពីរ។ សភាពការណ៍នេះ ក៏បង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជា១៨នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ។

លោកបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជា​មិត្តទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *