លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា លខេត្តប៉ៃលិននិងអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ,មន្ត្រីរដ្ឋបាលខេត្ត បាន ចុះពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងអភិបាលរងខេត្តប្រធានមន្ទីរជំនាញ,មន្ត្រីរដ្ឋបាលខេត្ត
បាន ចុះពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត

ខេត្តប៉ៃលិន៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុម​ការ​ងារ បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួម​ខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់​ក្នុងការជួយ​ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម​គោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ​សន្តិភាព​ពេញ​លើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុកមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់​តែធូរធាឡើងពីមួយ​ថ្ងៃទៅ​មួយថ្ងៃគួរជាទីមោទន។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​កំពុង​ខិត​ខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត​អនាម័យបរិស្ថាន នៅតាម​ទីសាធារណៈ និងតាមតំបន់​រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួម​គ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យ​ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែរល​ម្អ​ហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្ត។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែប​អេកូធម្មជាតិដ៏ល្បី​ល្បាញ និងមានរម្មណីយ៍ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃ ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូន​ភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ។លោក ស សារឿន

Leave a Reply

Your email address will not be published. Required fields are marked *