ឧកញ៉ា តែ តាំងប៉៖ រុញថ្លៃដើមផលិតកម្មឲ្យបានទាប ផលិតផលក្នុងស្រុកសំបូរបែប ពលរដ្ឋកាន់តែគាំទ្រ
ប្រធានសហព័ន្ធសហគ្រាសខ្នាតតូចនិងមធ្យមបានស្នើឲ្យមានការរួមគ្នាក្នុងការជំរុញផលិតកម្មសហគ្រាសក្នុងស្រុក ដើម្បីមានលទ្ធភាពក្នុងការផលិតផលដែលមានគុណភាពនិងរក្សាតម្លៃប្រកួតប្រជែងលើទីផ្សារ។ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូចនិងមធ្យមបានថ្លែងក្នុងវេទិកាជំរុញ គាំទ្រផលិតផលក្នុងស្រុកដោយមានការសហការជាមួយក្លិបអ្នកកាសែតកម្ពុជាកាលពីម្សិលមិញថា ដើម្បីជំរុញឲ្យពលរដ្ឋងាកមកគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក មានកត្តាគួបផ្សំជាច្រើនក្នុងនោះក្រៅពីគុណភាពក៏ពាក់ព័ន្ធតម្លៃ។

ឧកញ៉ា តែ តាំងប៉ ដែលធ្វើការពាក់ព័ន្ធផ្ទាល់ជាមួយសហគ្រាសក្នុងស្រុកបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលជារនាំងពន្យឺតការអភិវឌ្ឍសហគ្រាសក្នុងស្រុក ជាពិសេសពាក់ព័ន្ធតម្លៃផលិតកម្ម។
លោកទទួលស្គាល់ពីផលិតផលក្នុងស្រុកមួយចំនួន មានតម្លៃថ្លៃបើប្រៀបធៀបផលិតផលនាំចូលដោយសារពាក់ព័ន្ធការចំណាយខ្ពស់លើថ្លៃផលិតកម្ម។
«អគ្គិសនី ទឹកភ្លើង ការដឹកជញ្ជូន និងផ្នែកពាក់ព័ន្ធផ្សេងទៀតអីគឺយើងមានការចំណាយខ្ពស់ ខណៈលទ្ធភាពផលិតរបស់យើងក៏បានតិច អីចឹងទេនេះជាបញ្ហាប្រឈមសម្រាប់យើងរក្សាតម្លៃប្រកួតប្រជែងលើទីផ្សារ»។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសក្នុងស្រុក ក្នុងការជំរុញការផលិតផលិផលក្នុងស្រុកឲ្យមានគុណភាព និងមានតម្លៃសមស្រប ប្រធានសហព័ន្ធសហគ្រាសខ្នាតតូចនិងមធ្យម ស្នើឲ្យមានការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជន ធ្វើយ៉ាងណាគាំទ្រគ្នាទៅវិញទៅមក តាមរយៈការរិះរកដំណោះស្រាយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យនៅទាប ដើម្បីធ្វើឲ្យការចំណាយលើថ្លៃផលិតធ្លាក់ចុះ ដែលនឹងជួយជំរុញសហគ្រាសក្នុងស្រុកឲ្យរីកចម្រើន បង្កើនការផលិតកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យល្អប្រសើរ។


បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ មានសហគ្រាសជាង ៤ ម៉ឺនបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍បានគូសបញ្ជាក់ថា ខណៈអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសមានប្រមាណ ៧០ ម៉ឺនមូលដ្ឋាន ចំនួនសហគ្រាសអាជីវកម្មដែលចុះបញ្ជីនៅមានចំនួនតិចតួចនៅឡើយ។
លោក ហែម វណ្ណឌី បានអះអាងថា នៅមានសហគ្រាសជាច្រើនទៀតមិនទាន់បានចុះបញ្ជី ហើយក្រសួងកំពុងជំរុញឲ្យមកចុះបញ្ជីក្នុងប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍ ការលើកទឹកចិត្តរួមទាំងការកិច្ចការពារផ្នែកផ្លូវច្បាប់។
បើតាមលោករដ្ឋមន្រ្តី ការចុះបញ្ជីអាជីវកម្ម ផ្តល់ប្រយោជន៍ដល់សហគ្រាសងាយស្រួលក្នុងការពង្រីកអាជីវកម្ម និងទទួលបានការគាំទ្រពីរដ្ឋាភិបាល។
