ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង និងមន្ត្រីអង្គភាពចំណុះសាលាខេត្ត ចំនួនជាង ៥០៥ នាក់។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំជាសំណេះសំណាលនេះ គឺជាប្រពៃណីល្អ ដែលថ្នាក់ដឹកនាំខេត្តអនុវត្តជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កើនទំនាក់ទំនង សមាគម និងផ្តល់ជំនួយថវិកាមួយចំនួនជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
ក្នុងឱកាសនេះ ឯកឧត្តម ក៏បានស្នើឱ្យមន្ត្រីទាំងអស់ ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ ត្រូវបន្តមានវេនប្រចាំការ ដើម្បីបម្រើសេវាសាធារណៈ និងត្រៀមឆ្លើយតបនឹងស្ថានភាពបន្ទាន់អាចកើតមាន ព្រោះតួនាទីជាមន្ត្រីរាជការ គឺត្រូវស្ថិតនៅក្នុងសេវាបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្រៅពីនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ របស់រដ្ឋបាលខេត្តកណ្ដាល ដូចជា៖
អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការយ៉ាងប្រក្រតី និងទទួលបានការសាទរពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសំពៅពូន និងការដាក់ប្រព័ន្ធលូរំដោះទឹកនៅក្រុងតាខ្មៅ ដែលទោះបីមិនទាន់រួចរាល់ស្ថាពរនោះក៏ដោយ ក៏បានជួយកាត់បន្ថយបញ្ហាទឹកជនលិចក្នុងរដូវវស្សា។
ឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះការខិតខំរួមគ្នា របស់មន្ត្រីរាជការទាំងអស់ ក្នុងការអនុវត្តភារកិច្ចដោយស្មោះត្រង់ និងទទួលបានលទ្ធផលល្អប្រសើរ។ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយចាប់ផ្តើមពីកិច្ចការងារតូចៗ ដើម្បីបង្កើតគ្រឹះសម្រាប់ការងារធំៗនៅថ្ងៃអនាគត។
ស្របពេលគ្នា ឯកឧត្តម ក៏បានលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង–ស្រុក ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់ជីវិត។ ឯកឧត្តមបានបញ្ជាក់ថា ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាបុណ្យកុសលដ៏ធំមួយក្នុងការសង្គ្រោះជីវិតមនុស្ស ដែលទាមទារការចូលរួមរបស់មន្ត្រីនគរបាល មន្ត្រីស៊ីវិល និងប្រជាពលរដ្ឋទាំងអស់។
ដោយ៖ ហុក វិបុល
ទំនាក់ទំនង៖ 097 421 6661


