អភិបាលខេត្តកណ្តាល ជំរុញឲ្យអាជ្ញាធរមូលដ្ឋានធ្វើបច្ចុប្បន្នភាព ពលករត្រឡប់ពីប្រទេសថៃ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង–ស្រុកទាំង១៣ និងមន្ទីរពាក់ព័ន្ធ ឲ្យធ្វើបច្ចុប្បន្នភាពព័ត៌មានពលករដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់តាមជំនាញ និងស្ថានភាពការងារ ដើម្បីងាយស្រួលក្នុងការផ្តល់ជំនួយស្វែងរកការងារថ្មីជូនពួកគាត់។
អភិបាលខេត្តក៏បានផ្តោតលើតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវខិតខំក្នុងការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណអាត្រានុកូលដ្ឋានជូនពលករ ដើម្បីធានាឲ្យពួកគាត់អាចរកបានការងារធ្វើនៅក្នុងស្រុក ហើយកូនចៅរបស់ពួកគាត់ក៏អាចចូលរៀនសូត្របានប្រក្រតីផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយឱកាសការងារ ជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់ពីប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។
អភិបាលខេត្តកណ្តាលបានបន្ថែមថា ការធ្វើបច្ចុប្បន្នភាពនេះគឺដើម្បីឲ្យអាចកំណត់បានច្បាស់ថា ពលករទាំងនោះមានការងារធ្វើរួចហើយ ឬកំពុងរង់ចាំការជួយស្វែងរក។
ក្នុងនោះ ឯកឧត្តមបានឲ្យដឹងថា បន្ទាប់ពីមានការរំលោភបំពានលើអធិបតេយ្យភាពទឹកដីកម្ពុជា ដោយកងទ័ពសៀម បងប្អូនពលករចំណាកស្រុកបានត្រឡប់មកវិញ។ ដោយឡែករាជរដ្ឋាភិបាល និងក្រសួងការងារ បានរៀបចំផែនការផ្តល់ការបណ្តុះបណ្តាលជំនាញ និងការងារជូនពួកគាត់ជាស្រេច។
តាមរបាយការណ៍៖ ខេត្តកណ្តាលមានពលករត្រឡប់មកវិញ ២,៦៦៨នាក់ (ស្រី ១,២៧៥នាក់) ក្នុងនោះមានកុមារអាយុក្រោម ១៨ឆ្នាំ ៣៧៧នាក់ (ស្រី ១៩៤នាក់)។ ពលករដែលបានចុះឈ្មោះរកការងារធ្វើមានប្រមាណជាង ១,០០០នាក់ ប៉ុណ្ណោះ ខណៈពលករចំនួន ១,៣៩៨នាក់ (ស្រី ៦៤៤នាក់) បានទទួលការងាររួចរាល់ ហើយនៅមាន ៨៩៣នាក់ (ស្រី ៤៣៧នាក់) មិនទាន់មានការងារធ្វើ (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥)។
ទោះបីជាមានពលករមួយចំនួនបានចាកចេញទៅរស់នៅជាមួយគ្រួសារនៅខេត្តផ្សេង ឬបន្តរកស៊ីក្នុងភូមិរបស់ខ្លួនក្តី អាជ្ញាធរខេត្តនៅតែផ្តោតលើការធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការជួយពលករទាំងនោះឲ្យទទួលបានការងារធ្វើ និងចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកទៅបរទេស។
ដោយ លោក ហុក វិបុល
0974216661
ផេក÷ ពន្លឺព្រះធម៌ សាព័ត៌មានគេហទំពរ័
សារព័ត៌មានប្រិយនី÷ផ្សាយដោយ ,🙏🙏🙏 http://khehaktomporplptnet.com.kh/

