សម្តេចតេជោ ហ៊ុន សែន គាំទ្រគំនិតពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ជាមួយប៊ូគីណាហ្វាសូ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសប៊ូគីណាហ្វាសូ ចូលប្រគល់សាតាំង និងជួបសវនាការ នៅវិមានព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូតលើកដំបូងរបស់ប៊ូគីណាហ្វាសូនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា លោកឯកអគ្គរដ្ឋទូតនឹងញ៉ាំងឱ្យទំនាក់ទំនងរវាងកម្ពុជា និងប៊ូគីណាហ្វាសូ ឱ្យកាន់តែរីកចម្រើនថែមទៀត បន្ទាប់ពីប៊ូគីណាហ្វាសូ បានបង្កើតទំនាក់ទំនងផ្លូវការជាមួយកម្ពុជារយៈពេល១៥ឆ្នាំមកហើយ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវមហាកិត្តិយសធំធេងជូនលោកបានផ្តល់នូវសាតាំងជូនសម្តេច។ លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ជាមោទនភាពសម្រាប់រូបលោក ដែលបានមកបំពេញការងារនៅកម្ពុជា ហើយជាឯកអគ្គរដ្ឋទូតដំបូងរបស់ប៊ូគីណាហ្វាសូនៅកម្ពុជា។
ក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូតបានលើកមកបង្ហាញសម្តេចតេជោ នូវប្រសាសន៍លោកប្រធានាធិបតីប៊ូគីណាហ្វាសូ ដែលបានលើកឡើងមុនលោកចេញមកបំពេញការងារនៅកម្ពុជាថា ការមកបំពេញការងារនៅកម្ពុជា ជាឱកាសដ៏ពិសេសព្រោះបានរៀនសូត និងដកពិសោធន៍ចេញពីកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានគូសរំលេចផងដែរថា ប៊ូគីណាហ្វាសូ និងកម្ពុជា មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា ពោលគឺមានប្រវត្តិស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា។
លោកឯកអគ្គរដ្ឋទូតប៊ូគីណាហ្វាសូ ក៏បានបង្ហាញការចាប់អារម្មណ៍ផ្ទាល់លើបទពិសោធន៍របស់សម្ដេចតេជោដែលបានដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ដែលជា បទពិសោធន៍មួយដែលលោកអាចយកជាគំរូក្នុងពេលបំពេញការងារនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា សម្ដេចពេញចិត្តក្នុងការចែករំលែកនូវបទពិសោធន៍ហើយក៏ទទួលស្គាល់នូវបទពិសោធន៍របស់ប្រទេសកម្ពុជា និងប៊ូគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមអាណានិគមបារាំង។
សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកពីបទពិសោធន៍នៃការដឹកនាំប្រទេស ដោយសម្ដេចបានបញ្ជាក់ថា ជាប្រទេសក្រីក្រអ្វីដែលប្រយ័ត្នបំផុតនោះ គឺជំនួយពីបរទេសដែលជំនួយខ្លះនឹងជះផលអវិជ្ជមានផងដែរ ប្រសិនបើខ្វះការគិតគូរឱ្យបានត្រឹមត្រូវ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកទាក់ទងការវិនិយោគសម្រាប់បរិបទកម្ពុជាកន្លងមក ដោយការវិនិយោគពីបរទេសពិតជាសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះ គឺការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីក្រៅ ពីព្រោះអ្នកវិនិយោគក្រៅប្រទេសនឹងមើលឃើញស្ថានភាពល្អប្រសើរទើបគេមកវិនិយោគក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកពីការផ្ដល់យោបល់ពីបរទេស ជាពិសេសប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះមិនប្រាកដថា ត្រឹមត្រូវទាំងអស់នោះទេ។ ដូច្នេះអ្វីដែលត្រូវប្រុងប្រយ័ត្ននោះយោបល់របស់ពួកគេត្រូវតែមានការថ្លឹងថ្លែងឱ្យបានស៊ីជម្រៅ ពីព្រោះកម្ពុជាក៏បានឆ្លងកាត់បទពិសោធន៍រួចទៅហើយ ដូចជាការផ្ដល់យោបល់ឱ្យលក់គយ និងរឿងផ្សេងៗមួយចំនួនទៀត ដែលកម្ពុជាបានឆ្លងកាត់ ដែលកម្ពុជាបានប្រយ័ត្នប្រយែង។ សម្ដេចតេជោ បានបញ្ជាក់ថា ពេលខ្លះប្រទេសអ្នកមានមួយចំនួនពួកគេមានសំណាងដោយកើតលើប្រទេសអ្នកមានតែម្ដង ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងប្រទេសអ្នកក្រនោះទេ។
ទាក់ទងទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ លោកឯកអគ្គរដ្ឋទូត បានលើកឡើងចំណុចសំខាន់ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះ គឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយលោកបានលើកឡើងថា ប្រទេសប៊ូគីណាហ្វាសូមានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ។ បន្ថែមពីលើនោះ ប្រទេសទាំងពីរក៏អាចពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ។
សម្ដេចតេជោ បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ។ សម្ដេចតេជោ ក៏ផ្តល់យោបល់ឱ្យភាគីទាំងពីរ គួរតែបង្កើតឱ្យមានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុចត្រូវអភិវឌ្ឍន៍ស្ដីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅណាមួយពិតប្រាកដ។
សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក Daouda Bitie ឱ្យបំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជាទទួលបានភាពជោគជ័យជាបន្តបន្ទាប់៕











