លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ទប់ស្កាត់សំណង់ខុសបច្ចេកទេស និងរំលោភដីសាធារណៈ

 


លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ទប់ស្កាត់សំណង់ខុសបច្ចេកទេស និងរំលោភដីសាធារណៈ

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដែលមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងតំណាងម្ចាស់សំណង់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានស្នើឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់សំណង់ខុសបច្ចេកទេស និងការសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ។

លោកជំទាវបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងពង្រឹងយន្តការទាក់ទងនឹងច្បាប់សាងសង់ ដើម្បីធានាឲ្យសំណង់មានសុវត្ថិភាព និងសោភ័ណភាព។ ជាមួយគ្នានេះ រដ្ឋបាលក៏បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ការដាំដើមឈើ ផ្កាលំអ ការថែទាំ និងកែរលម្អសួនច្បារ សួនចែកទ្រូងផ្លូវ ដើម្បីបង្កើនសោភ័ណភាពទីក្រុង ឆ្លើយតបនឹងតម្រូវការបរិស្ថាន និងសុខភាព។ កត្តាទាំងនេះនឹងជួយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្តកាន់តែច្រើន ហើយចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងប្រសិទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងផ្លូវគោរពច្បាប់សាងសង់។ មុនធ្វើសំណង់ផ្ទះ ឬអគារអាជីវកម្មត្រូវស្នើសុំច្បាប់អនុញ្ញាតជាមុន ដើម្បីជៀសវាងបញ្ហាដូចជា សំណង់គ្មានអនុញ្ញាត សំណង់ខុសបច្ចេកទេស និងការរំលោភលើដីចំណីផ្លូវ ដែលអាចបណ្តាលឲ្យខាតបង់ពេលវេលា និងថវិកា។

ក្នុងឱកាសដូចគ្នា លោកជំទាវបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តទប់ស្កាត់ការរំលោភដីសាធារណៈ ដូចជា ដីចំណីផ្លូវ និងសួនច្បារ ដែលប៉ះពាល់ដល់សោភ័ណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។ ក៏ដូចជាការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលនវត្ថុ ឲ្យយល់ដឹងអំពីច្បាប់ និងបទដ្ឋានពាក់ព័ន្ធវិស័យសំណង់ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ដោយ៖ www.plpt.net


Leave a Reply

Your email address will not be published. Required fields are marked *