🎥 ព័ត៌មានតាមទូរទស្សន៍
រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៦
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត។ កិច្ចប្រជុំមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល និងអាជ្ញាធរក្រុង-ស្រុកជាច្រើន។
កិច្ចប្រជុំបានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកមុន ព្រមទាំងរបាយការណ៍អនុវត្តការងារខែសីហា និងទិសដៅការងារបន្ត។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានផ្តោតលើការដោះស្រាយបញ្ហានានាឱ្យទាន់ពេលវេលា ដោយគ្មានការរើសអើង តាមបក្សពួកនិយម ឬគ្រួសារនិយមឡើយ។ អភិបាលខេត្តបានលើកទឹកចិត្តឲ្យមន្ត្រីកែលម្អចំណេះដឹង និងសមត្ថភាព ដើម្បីបំពេញតួនាទីក្នុងនាមតំណាងសាធារណៈ ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ស្របពេលនោះ លោកជំទាវបណ្ឌិត ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ឱ្យខេត្តមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ចុងបញ្ចប់ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋបាលខេត្ត ដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អនុវត្តគោលនយោបាយ “ភូមិ/ឃុំមានសុវត្តិភាព” និងជួយសម្របសម្រួលការងារសម្រាប់ពលករដែលត្រឡប់ពីប្រទេសថៃ។
ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានផ្តាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បន្តខិតខំបន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈ ដោយឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ដោយ៖ ស សារឿន

