រដ្ឋបាលខេត្តកណ្តាល ត្រៀមរៀបចំគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងរៀបចំ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធនានា ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំសេចក្តីព្រាងគម្រោងនេះឡើង។
ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអង្គប្រជុំទាំងអស់រួមគ្នាពិនិត្យ និងផ្តល់មតិយោបល់បន្ថែមលើគម្រោងនីមួយៗ ជាពិសេសលើការប្រើប្រាស់ថវិកា ដើម្បីធានាថាគម្រោងដែលនឹងត្រូវអនុវត្តមាន គុណភាពខ្ពស់ និងឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
សេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ នេះ មានគម្រោងសរុប ៨៣គម្រោង ដែលត្រូវបានបែងចែកទៅតាមបណ្ដាក្រុង-ស្រុកនីមួយៗដូចខាងក្រោម៖
- ស្រុកកណ្តាលស្ទឹង, កៀនស្វាយ, ខ្សាច់កណ្តាល: ៥គម្រោង ក្នុងមួយស្រុក
- ស្រុកកោះធំ, លើកដែក, ល្វាឯម, មុខកំពូល: ៣គម្រោង ក្នុងមួយស្រុក
- ស្រុកអង្គស្នួល: ៤គម្រោង
- ស្រុកពញាឮ: ១២គម្រោង
- ស្រុកស្អាង: ៧គម្រោង
- ក្រុងតាខ្មៅ: ១៨គម្រោង
- ក្រុងសំពៅពូន: ៤គម្រោង
- ក្រុងអរិយក្សត្រ: ១០គម្រោង
- គម្រោងក្នុងខេត្ត: ១គម្រោង
ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនឹងត្រូវធ្វើឡើងម្តងទៀត ដើម្បីពិនិត្យលម្អិតបន្ថែម។ ដូច្នេះ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកត្រូវត្រៀមលក្ខណៈ និងរៀបចំគម្រោងរបស់ខ្លួនឱ្យបានច្បាស់លាស់សម្រាប់យកមកពិភាក្សានៅពេលក្រោយ។ ចំពោះគម្រោងដែលមិនទាន់ទទួលបានការគាំទ្រ អាចបន្តស្នើឡើងនៅឆ្នាំបន្ទាប់ទៀតបាន។

