ឯកឧត្តម គួច ចំរើន ណែនាំឲ្យយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពនៅកណ្ដាល

កណ្ដាល៖ តាមតម្រង់នយោបាយ និងប្រសាសន៍ណែនាំរបស់សម្តេចលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាប្រភពជំរុញឲ្យសាខាកាកបាទក្រហមទូទាំងប្រទេស យកចិត្តទុកដាក់លើជនរងគ្រោះ និងប្រជាពលរដ្ឋខ្វះខាត ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ណែនាំឲ្យមន្ត្រីសាខាទាំងអស់ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះ គ្រួសារវីរកងទ័ព ដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ។
ឯកឧត្តមបានបញ្ជាក់ថា គ្រួសារទាំងនេះត្រូវការការថែទាំជិតស្និទ្ធ និងជំនួយទំនប់បម្រុង ដើម្បីជំនួសបងប្អូនវីរកងទ័ពក្លាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឆ្លៀតពានតាមតំបន់ព្រំដែន ដើម្បីកុំឲ្យមានការព្រួយបារម្ភអំពីជីវភាពគ្រួសារ។
ប្រសាសន៍នេះ ត្រូវបានឯកឧត្តមលើកឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការជ្រើសរើសមន្ត្រីមួយចំនួន ដើម្បីបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង–ស្រុក កាលពីរសៀលថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥។
ក្រៅពីនេះ ឯកឧត្តមក៏បានកោតសរសើរចំពោះសមាជិកគណៈកម្មាធិការសាខា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចមនុស្សធម៌នាពេលកន្លងមក ដោយផ្ដល់ជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យ ចាស់ជរាគ្មានទីពឹង និងជនក្រីក្រមានជំងឺរ៉ាំរ៉ៃ។ ជាពិសេស ក៏បានអបអរសាទរចំពោះការខិតខំប្រមូលអំណោយមនុស្សធម៌ ដើម្បីឧបត្ថម្ភដល់ជនពិការនិងវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន។
✍️ ដោយ៖ ហុក វិបុល
📞 097 421 6661

