
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប១ឆ្នាំ ជូនដល់វិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១ ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ពិធីបុណ្យនេះបានរៀបចំឡើងដោយអ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា រួមទាំងបុត្រាបុត្រីមាន ឯកឧត្តម គង់ តារា, ឯកឧត្តមវេជ្ជបណ្ឌិត គង់ សន្យា និងលោកអ្នកឧកញ៉ា គង់ បញ្ញា ព្រមទាំងក្រុមគ្រួសារ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី ៣ រាជធានីភ្នំពេញ។
ក្នុងពិធីនេះ បាននិមន្តព្រះសង្ឃថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈសង្ឃនាយកចំនួន ៩ អង្គ មកសម្តែងព្រះធម៌ និងប្រគេនព្រះបារិត្ត។ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ដូចជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាដើម។
បន្ទាប់ពីស្តាប់ព្រះធម៌ទេសនា សម្តេចតេជោ ហ៊ុន សែន បានរួមជាមួយក្រុមគ្រួសាររបស់សម្តេចចៅហ្វាវាំង គង់ សំអុល ប្រគេនទេយ្យវត្ថុ និងគ្រឿងអដ្ឋបរិក្ខាដល់ព្រះសង្ឃទាំងអស់ ដោយក្តីជ្រះថ្លា និងបំពាក់ដោយសញ្ញានៃការគោរពដ៏ខ្ពង់ខ្ពស់។
ជីវប្រវត្តិសង្ខេបរបស់សម្តេចចៅហ្វាវាំង គង់ សំអុល
- ថ្ងៃកំណើត: ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៣១ នៅភូមិព្រៃព្រីង (បច្ចុប្បន្នស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ)។
- គ្រួសារ: ជាបុត្រាតែមួយគត់ក្នុងចំណោមបងប្អូន ៥ នាក់។ រៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ា ថាយ វ៉ា មានបុត្រាបុត្រី ៣ រូប។
- មរណភាព: ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
- ស្នាដៃ: ក្រៅពីតួនាទីសំខាន់ក្នុងរាជរដ្ឋាភិបាល សម្តេចជាពុទ្ធសាសនូបត្ថម្ភដ៏ខ្ជាប់ខ្ជួន និងបានចូលរួមចូលស្ថាបនាសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា។
- កិត្តិយស: ទទួលបានគ្រឿងឥស្សរិយយសជាតិ និងអន្តរជាតិជាច្រើន។ ផ្លូវ ២០០៤ ត្រូវបានប្រសិទ្ធនាមជាមហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២។
✍️ ដោយ ហុក វិបុល
📞 097 421 6661

