អភិបាលខេត្ត និងប្រធានមន្ទីរអប់រំ លើកទឹកចិត្តបេក្ខជនបាក់ឌុប ដោយប្រកាសផ្ដល់អាហារូបករណ៍ដល់និទ្ទេសល្អ
ប៉ៃលិន៖ ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត និងអាហារូបករណ៍ដល់សិស្សដែលទទួលបាននិទ្ទេសល្អ។ លើសពីនេះទៅទៀត អាហារូបករណ៍ក៏នឹងត្រូវផ្ដល់ជូនសិស្សដែលមានជីវភាពខ្វះខាតតែមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរ។
ពិធីប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលពិធីបើកវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ទេពនិម្មិតប៉ៃលិន។ នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តបានក្រើនរំឭកដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត។ លោកជំទាវបានគូសបញ្ជាក់ថា៖ «ការប្រឡងឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ គឺប្រព្រឹត្តទៅតាមគោលការណ៍ “អ្នកចេះ គឺជាប់” ដែលធានាបាននូវយុត្តិធម៌ និងតម្លាភាព»។
លោកជំទាវអភិបាលខេត្តក៏បានបង្ហាញ និងត្រួតពិនិត្យភាពបិទជិតរបស់ហឹបវិញ្ញាសា នៅចំពោះមុខបេក្ខជនទាំងអស់ ដើម្បីធានាថាការប្រឡងនេះប្រព្រឹត្តទៅដោយសុវត្ថិភាព និងអាចទទួលស្គាល់លទ្ធផលបាន។ ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើឱ្យក្មួយៗថែរក្សាសុខភាព ហើយប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ និងក្លាយជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគត។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមថា ការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយមានមណ្ឌលប្រឡងចំនួន ២ ក្នុងនោះមណ្ឌលវិទ្យាល័យ ហ៊ុន សែន ទេពនិម្មិតប៉ៃលិន មានបន្ទប់ប្រឡងសរុប ២៥ បន្ទប់ និងបេក្ខជនចំនួន ៦០៣ នាក់ (ស្រី ៣៨២ នាក់)។ដោយ ហុក វិបុល 0974216661

