ឯកឧត្តម ជា ចាន់ឌិន ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បន្តខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

ឯកឧត្តម ជា ចាន់ឌិន ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បន្តខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

កណ្តាល/ប៉ៃលិន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ប៉ៃលិន។ កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករង នាយកទីចាត់ការ ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។

របៀបវារៈសំខាន់ៗរួមមាន

  1. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៤
  2. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត
  3. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥
  4. បញ្ហាផ្សេងៗ

ក្រោយស្តាប់ការរាយការណ៍ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានរំលឹក និងជំរុញឱ្យមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ពិនិត្យបញ្ហាកន្លងមកដោយមិនបោះបង់ បន្តដោះស្រាយឱ្យទាន់ពេលវេលា ដោយគ្មានការរើសអើងប្រកាន់បក្សពួកនិយម ឬគ្រួសារនិយម។ ក៏ដូចជាបន្តពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈ ដើម្បីអនុវត្តតួនាទីឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព ដោយរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរដ្ឋាភិបាល។

លោកជំទាវក៏បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានសហការដោយទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបម្រើសេវាសាធារណៈ បង្កើតសមិទ្ធផលអភិវឌ្ឍន៍នៅមូលដ្ឋាន ឲ្យឃើញជាក់ស្តែង។

ឯកឧត្តម ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត ដែលខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្តិភាព” ដោយប្រសិទ្ធិភាពខ្ពស់ ទទួលបានជោគជ័យក្នុងការអភិវឌ្ឍខេត្តឲ្យរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនេះ ឯកឧត្តមក៏បានផ្តាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តខិតខំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាមួយការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈឲ្យបានរហ័ស ទាន់សភាពការណ៍ និងប្រសិទ្ធិភាពខ្ពស់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ដោយ: ហុក វិបុល


Leave a Reply

Your email address will not be published. Required fields are marked *