អភិបាលខេត្តកណ្ដាល ចុះពិនិត្យគម្រោងដាក់ប្រព័ន្ធលូផ្លូវលេខ ១០៨ និងប្រឡាយរំដោះទឹកខ្សែទី ៣ នៅក្រុងតាខ្មៅ

 


អភិបាលខេត្តកណ្ដាល ចុះពិនិត្យគម្រោងដាក់ប្រព័ន្ធលូផ្លូវលេខ ១០៨ និងប្រឡាយរំដោះទឹកខ្សែទី ៣ នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញរបស់អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធលូប្រអប់តាមបណ្ដោយផ្លូវលេខ ១០៨ និងប្រឡាយរំដោះទឹកខ្សែទី ៣ ដែលស្ថិតនៅក្នុង សង្កាត់តាខ្មៅ និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

គម្រោងលូប្រអប់មានប្រវែងសរុប ៧៩០ ម៉ែត្រ ដោយប្រើលូជ្រុងទំហំ ២ម៉ែត្រ x ២ម៉ែត្រ ខណៈពេលដែលប្រឡាយរំដោះទឹកខ្សែទី ៣ មានប្រវែង ១,៨៥១ ម៉ែត្រ។ គម្រោងនេះត្រូវបានគ្រប់គ្រងដោយក្រុមការងារបច្ចេកទេស ដែលមានបំណងបញ្ចប់ការសាងសង់នៅចុងខែសីហា ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា តំបន់នេះតែងតែជួបនឹងបញ្ហាជន់លិចនៅរៀងរាល់រដូវវស្សា ដោយសារជំនន់ទឹកភ្លៀង ដែលបង្កឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងខូចខាតទ្រព្យសម្បត្តិ។ ដូចនេះគម្រោងលូរំដោះទឹកនេះ មានសារៈសំខាន់ក្នុងការកាត់បន្ថយបញ្ហាជន់លិច និងធានាសុវត្ថិភាពជីវភាពប្រជាជន។

គ្រោងការទំនប់នេះមានសមត្ថភាពរំដោះទឹកបានចន្លោះពី ៥,០០០ ទៅ ៦,០០០ ម៉ែត្រគូបក្នុង១ម៉ោង ដែលអាចជួយកាត់បន្ថយការជន់លិចក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។

សមាជិកក្រុមការងារបច្ចេកទេសត្រូវពន្លឿនដំណើរការសាងសង់ឲ្យបានរហ័សរហួន ប្រកបដោយស្តង់ដារបច្ចេកទេស ខណៈពេលដែលឯកឧត្តមអភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកធ្វើដំណើរតាមផ្លូវនោះ អធ្យាស្រ័យចំពោះការរំខានដែលអាចកើតមានក្នុងអំឡុងអនុវត្តគម្រោង ដោយសង្ឃឹមថាបន្ទាប់ពីគម្រោងនេះបានបញ្ចប់ តំបន់នឹងលែងជួបបញ្ហាជន់លិចដូចពីមុនទៀត។


Leave a Reply

Your email address will not be published. Required fields are marked *