ថ្ងៃព្រហស្បតិ៍ ទី ៧ ខែសីហា ឆ្នាំ ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បន្តរួមដំណើរជាមួយក្រុមប្រតិបត្តិ និងក្រុមយុវជនកាកបាទក្រហម (កក្រក) ដើម្បីចូលរួមជាកម្លាំងគាំទ្រក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាដល់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ “ព្រំ” ខេត្តប៉ៃលិន។
ក្នុងការចូលរួមជួយសង្គ្រោះមនុស្សធម៌នេះ ក្រុមការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំការដឹកជញ្ជូនបងប្អូនតាមរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ។ រួមជាមួយនឹងការរៀបចំនិងចែកចាយទឹកស្អាត និងអាហារដល់បងប្អូនពលករទាំងអស់ ឲ្យមានសុវត្ថិភាព និងមានជីវភាពប្រកបដោយអនាម័យក្នុងដំណើរវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ។
សកម្មភាពមនុស្សធម៌នេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីស្មារតី “ខ្មែរជួយខ្មែរ” ដែលជាគន្លងនៃការសហការរវាងរដ្ឋបាល អាជ្ញាធរ និងសង្គមស៊ីវិល ក្នុងការរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងប្រឈមនឹងភាពលំបាក។ហុកវិបុល




