សម្តេចតេជោ ហ៊ុន សែន៖ «ហេតុអ្វីបានជាអស់លោកខ្លាច ខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»?

សម្តេចតេជោ ហ៊ុន សែន៖ «ហេតុអ្វីបានជាអស់លោកខ្លាច ខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»? 

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឆ្លើយតបនឹងការសែតថៃ ដោយបញ្ជាក់ថា មិនបាច់ឆ្ងល់ទេ កុំថាឡើយសម្តេចជាថ្នាក់ដឹកនាំប្រទេស សូម្បីតែសម្តេចជាពលរដ្ឋម្នាក់ ក៏មានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសកម្ពុជាដែរ ហើយសម្តេចទាត់ចោលការផ្សាយកាសែតថៃថា សម្តេចចូលរួមបញ្ជាទ័ពខុសរដ្ឋធម្មនុញ្ញកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់សារតាមរយៈ Facebook ទាំងស្រុងថា៖

ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។
មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។
សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំ ដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។

ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?

សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។

បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយ
កងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព៕

Leave a Reply

Your email address will not be published. Required fields are marked *