សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម
21-08-2025 20:59
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត ដោយឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៨០ឆ្នាំ (២ កញ្ញា ១៩៤៥-២ កញ្ញា ២០២៥) ទិវាឯករាជ្យជាតិរបស់វៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ។
កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៦៧។ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងជាផ្លូវការមក ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និងភាពជាដៃគូដ៏ល្អប្រសើរ។ ប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ស្របពេលទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ប្រទេសទាំងពីរនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងអតីតកាល គឺក្នុងគ្រាប្រជាជនកម្ពុជា បានលះបង់ និងគាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យរបស់វៀតណាម និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ។
សម្តេចតេជោ បានលើកឡើងផងដែរថា ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពនៅក្នុងតំបន់។
សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានបង្ហាញសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង១០ពាន់លានដុល្លារអាមេរិក និងមានការកើនឡើង ជាង ១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។
សម្តេចតេជោបន្តថា ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ពាន់លាន ដុល្លារអាមេរិកនាពេលខាងមុខ។ វៀតណាមឈរនៅលំដាប់ទី៥ នៃការ វិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត៣២ភាគរយ ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ កម្ពុជា និងវៀតណាម មានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុម ហ៊ុនអាកាសចរណ៍វៀតណាមចំនួន២ និងកម្ពុជាចំនួន២។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការកត់សម្គាល់ដោយពេញចិត្តផងដែរ ចំពោះការប្ដេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួនរួមមាន៖ ការពារជាតិ និងសន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ បន្ថែមពីលើនោះ កម្ពុជា និង វៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក៕






















































