សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៤រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់
15-08-2025 12:29
(ព្រះវិហារ)៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៤រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។
ក្នុងឱកាសនោះ លោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។
ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជ នដែលត្រូវបានចាប់ខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕











