លោកស្រីបណ្ឌិត បាន ស្រីមុំ អញ្ជេីជួបសំណេះសំណាលប្រជាពលករ មកពីប្រទេសថៃ ទទួលបានការងារធ្វេីនៅក្នុងខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី ១១ សីហា ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួយសម្របសម្រួលឱ្យពលករខ្មែរជាច្រើនរូប ដែលទើបតែត្រឡប់មកពីប្រទេសថៃ ទទួលបានការងារនៅក្នុងខេត្ត ជាមួយក្រុមហ៊ុន ឆាយណា ជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.ក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ឱ្យពលករខ្មែរវិលមកធ្វើការនៅក្នុងប្រទេសវិញ ដោយសារមានការងារជាច្រើនម៉ឺនកន្លែងកំពុងរង់ចាំ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បញ្ជាក់ថា ការត្រឡប់មកវិញរបស់ពលករជាតិ គឺមានសារៈសំខាន់ ដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវឱ្យពលករនៅប្រទេសថៃ ត្រឡប់មកមាតុភូមិ មុនពេលមានការបណ្តេញចេញ ឬការប្រមាថណាមួយ។ រដ្ឋបាលខេត្តបានរៀបចំទទួលពលករ នៅជិតច្រកព្រំដែន ដោយផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន អាហារ ការថែទាំសុខភាព និងជួយដំណើរការវិលទៅស្រុកកំណើតដោយឥតគិតថ្លៃ ព្រមទាំងជួយស្វែងរកការងារផងដែរ។
រដ្ឋាភិបាលក៏បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំស្វែងរកការងារជូនពលករត្រឡប់មកវិញ ដោយសារបច្ចុប្បន្នប្រទេសខ្វះកម្លាំងពលកម្មជាច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធក៏ត្រៀមផ្តល់កញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គម ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុក៏ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបំណុលសម្រាប់ពលករដែលត្រឡប់មក។
លើសពីនេះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានប្រកាសតាមហ្វេសប៊ុកផ្លូវការ អំពាវនាវឱ្យបងប្អូនដែលចង់បានការងារធ្វើ ទំនាក់ទំនងមកក្រុមការងាររដ្ឋបាលខេត្ត ដើម្បីចុះឈ្មោះជាមួយក្រុមហ៊ុនឆាយណា ជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ដែលកំពុងជ្រើសរើសកម្មករកាត់ទងផ្លែមៀនចំនួន ១,៨០០ នាក់ នៅក្នុងខេត្តប៉ៃលិន។ដោយ ហុក វិបុល


