លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំអ្នកសិល្បៈ និងថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលរបួសពីសង្គ្រាមឈ្លានពានរបស់សៀម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំអ្នកសិល្បៈ និងថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលរបួសពីសង្គ្រាមឈ្លានពានរបស់សៀម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

(សៀមរាប)៖ ក្នុងនាមអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានមូលនិធិទ្រទ្រង់ជនភៀសសឹក ជំនួសមុខឱ្យអ្នកឧកញ៉ា គិត ម៉េង កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគ រួមជាមួយនឹងថវិកាមួយចំនួន ចុះសួរសុខទុក្ខដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស ដែលរងគ្រោះពីការវាយប្រហារនៅក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់សៀមមកលើប្រទេសកម្ពុជា។

ទន្ទឹមពេលសំណេះសំណាលសួរសុខទុក្ខវីរកងទ័ពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានរៀបចំនូវសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់វីរកងទ័ពរងគ្រោះទាំងនោះផងដែរ។

ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ក៏បានផ្ដល់ថវិកាឧបត្ថម្ភ ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នូវទឹកប្រាក់ចំនួន២០លានរៀល ដោយក្នុងនោះថវិកា ១០លានរៀល ជាថវិការបស់ មូលនិធិទ្រទ្រង់ជនភៀសសឹក និង ១០លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាផ្ទាល់។

ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានសម្តែងនូវអារម្មណ៍មោទនភាពយ៉ាងខ្លាំងចំពោះវីរភាពដ៏អស្ចារ្យរបស់កងទ័ពថា «ពួកយើងពិតជា មានកិត្តិយស និងមោទនភាពបំផុតចំពោះបងៗកងទ័ពដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាការពារដែនដីកម្ពុជា ពីការឈ្លានពានដ៏អាក្រក់បំផុតពីពួកចោរសៀម»។

លោកជំទាវអ្នកឧកញ៉ាបន្តថា «ការប្តេជ្ញាចិត្ត និងការលះបង់គ្រប់បែបយ៉ាង ការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូន គឺជាមហាកម្លាំង មហាកំផែងគ្មានអ្វីប្រៀបផ្ទឹមបានក្នុងការការពារជាតិ និងសន្តិភាព ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។ បងដឹងទេថា ភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរពពីប្រជាជនកម្ពុជាទេ ប៉ុន្តែបានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល និងចងចាំជានិច្ច នូវវីរភាពរបស់ពួកបង»។

លោកជំទាវអ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា «ការមកដល់របស់ពួកយើងនៅថ្ងៃនេះ គឺជាសញ្ញាដែលយើងចង់បញ្ជាក់ថា បងប្អូនមិនឯកាទេ ពោលគឺពុកម៉ែបងប្អូនពិតជាទទួលបានការយកចិត្តទុក្ខដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជា១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនបន្តទុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជារបស់យើង»៕

Leave a Reply

Your email address will not be published. Required fields are marked *