លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ប៉ៃលិន៖ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យការងាររបស់ក្រុមការងាររដ្ឋបាលខេត្ត ដែលកំពុងបន្តសម្របសម្រួល និងជួយដោះស្រាយស្ថានការណ៍សម្រាប់បងប្អូនពលករខ្មែរ ត្រឡប់ពីប្រទេសថៃមកស្រុកកំណើត តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានផ្តល់ដំណឹងទៅកាន់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិ មុនពេលអាជ្ញាធរថៃធ្វើសកម្មភាពបណ្តេញចេញ ឬប្រមាថណាមួយ។ រដ្ឋបាលខេត្តរង់ចាំទទួលពលករខ្មែរទាំងអស់ មិនថាមានឯកសារត្រឹមត្រូវ ឬមិនគ្រប់លក្ខណ៍ក៏ដោយ។ ជាក់ស្តែង នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានបងប្អូនពលករខ្មែរត្រឡប់មកប្រទេសជារៀងរាល់ថ្ងៃ។
ក្នុងការសម្របសម្រួល រដ្ឋបាលខេត្តបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំទីតាំងសម្រាប់ទទួលពលករនៅជិតព្រំដែន ដោយផ្តល់ការស្នាក់នៅបណ្ដោះអាសន្ន អាហារ ការថែទាំសុខភាព និងបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារថ្មីឱ្យផងដែរ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា បន្ទាប់ពីប្រទេសថៃបានបង្កសង្គ្រាមឈ្លានពានរយៈពេល ៥ ថ្ងៃ តាមព្រំដែនជាមួយកម្ពុជា កាលពីពេលថ្មីៗនេះ បានសង្កេតឃើញថា ចំនួនពលករខ្មែរត្រឡប់មកស្រុកកើនឡើងជាបន្តបន្ទាប់ តាមច្រកទ្វារព្រំដែនជាច្រើន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ។
សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រឈមមុខនឹងច្រកបានផាកាត ភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។ ច្រកនេះត្រូវបានប្រកាសជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៣។ មុនពេលមានជម្លោះព្រំដែន ការឆ្លងកាត់ព្រំដែនតាមច្រកនេះមានសកម្មភាពយ៉ាងច្រើន ដូចជា ទេសចរណ៍ ការធ្វើការរបស់ពលករ និងការដឹកជញ្ជូនទំនិញ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីទាំងពីរភាគីផងដែរ។
ដោយ៖ ហុក វិបុល
ទូរស័ព្ទ៖ ០៩៧៤២១៦៦៦១

