លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួស នៅមន្ទីរពេទ្យបង្អែកខេត្ត

 


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួស នៅមន្ទីរពេទ្យបង្អែកខេត្ត

ប៉ៃលិន៖ នៅថ្ងៃទី​០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលទៅសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ពខេត្តប៉ៃលិន ដែលរងរបួសដោយសារផ្សែងពុល ក្នុងអំឡុងការប្រយុទ្ធនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ កងទ័ពទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បន្ទាប់ពីបានអនុវត្តភារកិច្ចការពារបូរណភាពទឹកដីជាតិរយៈពេល ៥ថ្ងៃ។

ក្នុងឱកាសនោះ លោកជំទាវបានបង្ហាញពីទឹកចិត្តគោរពសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវិញ្ញាណវីរជន ដែលបានលះបង់សាច់ឈាមដើម្បីការពារជាតិ និងសន្តិភាពសង្គម។ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលកំពុងបំពេញភារកិច្ចយ៉ាងអំណត់ និងវិជ្ជាជីវៈ ក្នុងការថែទាំព្យាបាលអ្នករងរបួស និងជំងឺ។

លោកជំទាវបន្ថែមថា ក្រោមការណែនាំយ៉ាងខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចបានចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការជួយសង្គ្រោះ និងគ្រប់គ្រងស្ថានភាពសង្គ្រាម ដោយមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ ចូលរួមគាំទ្រផ្នែកសុវត្ថិភាព ការស្នាក់នៅ អាហារ និងសុខាភិបាលសម្រាប់ប្រជាពលរដ្ឋជាជនភៀសសឹក។

លោកជំទាវបានថ្លែងថា៖ “ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីសាមគ្គីរបស់ជាតិ គឺជាសមត្ថភាពរួម ដែលជួយឲ្យយើងឈានឆ្ពោះទៅរកសន្តិភាព។ ប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគថវិកា សម្ភារៈ ថ្នាំពេទ្យ និងអាហារ ជួយសម្រួលដល់កងទ័ព និងប្រជាជនដែលជាសព្វថ្ងៃកំពុងជួបបញ្ហា។”

បន្ថែមពីនេះ លោកជំទាវបានបញ្ជាក់ថា ផលវិបាកនៃសង្គ្រាម បាននាំមកនូវមហន្តរាយធ្ងន់ធ្ងរ ដូចជា ការបាត់បង់ជីវិតរបស់ទាហាន និងជនស៊ីវិល បាត់បង់ទ្រព្យសម្បត្តិ និងការតម្រូវឲ្យប្រជាពលរដ្ឋភៀសខ្លួនចាកចេញពីផ្ទះសម្បែង។ អំពើទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីតម្លៃនៃសន្តិភាពដែលមនុស្សគ្រប់រូបត្រូវការជាងអ្វីៗទាំងអស់។

អរគុណសន្តិភាព!

ដោយ៖ ហុក វិបុល


Leave a Reply

Your email address will not be published. Required fields are marked *