រដ្ឋបាលខេត្តកណ្តាល ប្រារព្ធកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៥-២០២៦

 


រដ្ឋបាលខេត្តកណ្តាល ប្រារព្ធកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៥-២០២៦

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មានចំណូលប្រចាំឆ្នាំ២០២៥ ព្រមទាំងគ្រោងប៉ាន់ស្មានសម្រាប់គ្រប់គ្រងឆ្នាំ២០២៦។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។

បន្ទាប់ពីស្តាប់របាយការណ៍ អង្គប្រជុំបានពិភាក្សា និងផ្ដល់មតិយោបល់លើការប៉ាន់ស្មានចំណូលរបស់មន្ទីរ-អង្គភាពនានា ដោយផ្អែកលើលទ្ធភាពពិតប្រាកដរបស់ខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានលើកសំខាន់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការផ្ដល់សេវាដល់អ្នកជាប់ពន្ធឲ្យមានប្រសិទ្ធភាព ការងាយស្រួល និងភាពជឿទុកចិត្ត។ វា​នឹងជួយបង្កើនចំណូលពន្ធចូលរដ្ឋ ដើម្បីប្រើសម្រាប់អភិវឌ្ឍន៍ប្រទេស និងខេត្តកណ្តាលឲ្យកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឲ្យមន្ត្រីពន្ធដា និងមន្ទីរពាក់ព័ន្ធ បង្កើនការប្រមូលចំណូលទាំងសារពើពន្ធ និងមិនមែនសារពើពន្ធ ជាពិសេសការប្រមូលពន្ធលើអចលនទ្រព្យ ដោយចុះស្រង់ស្ថិតិឲ្យបានច្បាស់នៅមូលដ្ឋាន ដើម្បីបង្កើនចំណូលរបស់ខេត្ត។

កិច្ចពិភាក្សាក៏បានផ្តោតលើវិធានការប្រមូលពន្ធអចលនទ្រព្យ និងការបង្កើនចំណូលគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៦។ អង្គប្រជុំសង្ឃឹមថា ថវិកាឆ្នាំ២០២៦ ដែលទទួលបានពីចំណូលពន្ធនានា នឹងកើនឡើងស្របតាមផែនការដែលបានកំណត់។


Leave a Reply

Your email address will not be published. Required fields are marked *