ថ្នាក់ដឹកនាំខេត្តកណ្ដាល បានដឹកនាំប្រតិភូមន្ត្រីរាជការមក គោរពវិញ្ញាណក្ខន្ធសព លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្តាល
ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១២:២៧ នាទី ថ្ងៃត្រង់ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក លី សុខធី សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។
ឯកឧត្តមទាំងពីរបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោក លី សុខធី ដែលជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក ឯកឧត្តមអភិបាលខេត្ត ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយ បានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកប្រធានមន្ទីរ។

