ក្រសួងការពារជាតិ៖ ថៃបន្តបង្កហេតុ និងមានចេតនាឈ្លានពានទឹកដីកម្ពុជាមុនគេ
កណ្តាល/ឧត្តរមានជ័យ – ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី ១០ សីហា ២០២៥ ស្នើឱ្យសហគមន៍អន្តរជាតិចូលរួមជំរុញឱ្យភាគីថៃគោរពបទឈប់បាញ់ បន្ទាប់ពីមានភស្តុតាងថ្មីបញ្ជាក់ថា ថៃបន្តប្រព្រឹត្តអំពើបង្កហេតុ និងមានការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគ្រោងទុកជាមុន។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា សេចក្ដីប្រកាសនេះមានផ្ទៃខាងក្រោយពីសម្តីរបស់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ ដែលបានប្រកាសនៅរសៀលថ្ងៃទី ១០ សីហា ថា មុនចូលនិវត្តន៍ (នៅសល់ ៥១ ថ្ងៃ) គាត់មានផែនការប្រើកម្លាំងយោធាជាលើកទី២ ដើម្បីវាយយកប្រាសាទតាក្របីវិញ និងបិទប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
សារព័ត៌មានថៃ Khaosod រាយការណ៍ថា មេទ័ពថៃរូបនេះបានអះអាងថា កងទ័ពថៃនឹងវាយយកប្រាសាទតាក្របីឱ្យបាន និងបិទប្រាសាទតាមាន់ធំ បណ្តោះអាសន្ន ឬអចិន្ត្រៃយ៍។ គាត់បន្ថែមថា ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយ កងទ័ពថៃបានព្យាយាមវាយយកប្រាសាទតាក្របីចំនួន ៤ ដង ពីទីតាំង ១១ កន្លែង ប៉ុន្តែមិនបានជោគជ័យ ដោយសារការវាយតបយ៉ាងខ្លាំង និងចម្ការមីនការពារ។
ក្រសួងការពារជាតិបានចាត់ទុកសម្តីនេះថា ជាការប្រកាសបែបប្រមាថ បំពានលើកិច្ចព្រមព្រៀងឈប់បាញ់ និងបង្កភាពតានតឹងជាមួយអន្តរជាតិ។ ព្រឹត្តិការណ៍នេះកើតឡើងខណៈដែលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ពីប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម កំពុងចុះពិនិត្យតាមតំបន់រងគ្រោះ ដោយការវាយប្រហារពីកាំភ្លើងផ្លោង គ្រាប់បែកពីយន្តហោះ និងដ្រូនរបស់ថៃ នៅវត្តតាមាន់ សាលាបឋមសិក្សាតាមន្តសែនជ័យ មណ្ឌលសុខភាពតាមាន់ ស្ថានីយ៍ប្រេង និងតំបន់ជុំវិញភូមិតាមាន់សែនជ័យ និងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រសួងការពារជាតិចប់សេចក្ដីថា សម្តីរបស់មេទ័ពថៃនេះ ជាភស្តុតាងច្បាស់លាស់បង្ហាញពីការបង្កហេតុ និងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគ្រោងទុកជាមុន។
ដោយ៖ អ៊ុក ទូច

