ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំអំណោយសម្តេច ហ៊ុន ម៉ាណែត មកប្រគល់ជូនឯកឧត្តម អុី ឈាន នៅសាលាខេត្តប៉ៃលិន
នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកប្រគល់ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ក្នុងពិធីដ៏មានកិត្យានុភាពមួយ ដែលបានប្រព្រឹត្តទៅនៅ សាលាខេត្តប៉ៃលិន។
ក្នុងឱកាសដ៏សម្បូរប្រយោជន៍នេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងក្រៀមក្រំចិត្ត ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ដល់ខេត្តប៉ៃលិន តាមរយៈការផ្តល់អំណោយជាមនុស្សធម៌ ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ដែលបានសហការជាដៃគូសកម្មក្នុងការជំរុញការអភិវឌ្ឍន៍ខេត្តប៉ៃលិនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងពិធីនេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន បានបញ្ជាក់ថា អំណោយដែលទទួលបានពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងត្រូវយកទៅចែកជូនដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារព្រំដែនជាតិ នៅតាមខ្សែព្រំភូមិសាស្ត្រខេត្តប៉ៃលិន ដោយមានការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះទាហានក្លាហាន។
ជាពិសេស គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតផ្តល់អំណោយឧបត្ថម្ភតាមរយៈឯកឧត្តម នូ ស៊ីថា និងឯកឧត្តម គន់ គីម ដើម្បីចូលរួមគាំទ្រកម្លាំងកំពុងបំពេញបេសកកម្មនៅតាមខ្សែការពារជាតិ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងសហគមន៍ និងប្រជាពលរដ្ឋជាច្រើន ដែលជាសកម្មភាពបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមទាំងមូលក្នុងការជំរុញសុខុមាលភាពសង្គម និងការពារសន្តិសុខជាតិ។


