អ្នកសារព័ត៌មានខ្មែរ និងបរទេស៩នាក់ ត្រូវបានឃាត់ខ្លួន អំឡុងចុះយកព័ត៌មាននៅតំបន់ព្រំដែន

អ្នកសារព័ត៌មានខ្មែរ និងបរទេស៩នាក់ ត្រូវបានឃាត់ខ្លួន អំឡុងចុះយកព័ត៌មាននៅតំបន់ព្រំដែន

អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានបរទេសសរុបចំនួន៩នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អំឡុងពួកគេធ្វើដំណើរចុះទៅរាយការណ៍ព័ត៌មាននៅតំបន់សមរភូមិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមរបាយការណ៍កត់ត្រាដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា Camboja ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ តាមខេមបូចា អ្នកសារព័ត៌មានទាំងនោះត្រូវបានសមត្ថកិច្ចតម្រូវឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួន និងផ្តល់ព័ត៌មានពីសកម្មភាពចុះផលិតព័ត៌មាន។

ផ្សាយពាណិជ្ជកម្ម
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)បានរាយការណ៍ថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកក្កដា អ្នកសារព័ត៌មានបរទេសពីរនាក់ ដោយម្នាក់ជាអ្នកឆ្លងឆ្លើយព័ត៌មាន និងម្នាក់ទៀតជាអ្នកសម្របសម្រួលបកប្រែភាសា (Fixer) ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួន និងបញ្ចូនខ្លួនទៅសាកសួរនៅស្នងការនគរបាលខេត្តឧត្តរមានជ័យ។ ចំណែក អ្នកសារព័ត៌មានខ្មែរចំនួន៧នាក់ផ្សេងទៀត ក៏ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្លួន និងយកទៅសួរនាំដូចគ្នា។

តែខេមបូចាបានអះអាងថា អ្នកសារព័ត៌មានខ្មែរទាំង៧នាក់នោះ ត្រូវបានសមត្ថកិច្ចដោះលែងវិញក្រោយឃាត់ខ្លួនបាន១០នាទី ខណៈអ្នកសារព័ត៌មានបរទេស២នាក់វិញ ត្រូវសមត្ថកិច្ចដោះលែងបន្ទាប់ពីសាកសួរអស់រយៈពេលជាង២ម៉ោង។  អ្នកសារព័ត៌មានទាំង៩នាក់ ត្រូវសមត្ថកិច្ចដកហូតសម្ភារៈមួយចំនួនដូចជា ម៉ាស៊ីនថត ទូរស័ព្ទ ដើម្បីពិនិត្យរាល់រូបថត និងវីដេអូដែលថតជាប់កងទ័ព សព្វាវុធ និងការចល័តទ័ព។

លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា យល់ថា អ្នកសារព័ត៌មានមិនរឹងទទឹងនោះទេ ប្រសិនបើមានការហាមប្រាម និងណែនាំឱ្យបានច្បាស់លាស់ពីអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចថា តំបន់ណាដែលអាចចូលបាន ឬចូលមិនបាន។  អ្វីដែលលោក ណុប វីចង់ឃើញ នាពេលនេះ គឺរដ្ឋាភិបាលត្រូវជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសម្ថកិច្ចសម្របសម្រួលធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានអាចចូលទៅផ្តិតយកព័ត៌មាននៅទីតាំងដែលបង្កផលប៉ះពាល់ដល់កន្លែងពលរដ្ឋស៊ីវិលរស់នៅ សាលារៀន មន្ទីរពេទ្យ ដើម្បីផ្សព្វផ្សាយឱ្យអន្តរជាតិបានដឹង។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានទទូចឱ្យអ្នកសារព័ត៌មានត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដោយត្រូវចូលរួមការពារសន្តិសុខជាតិ និងលើកស្ទួយឧត្តមប្រយោជន៍ជាតិជាធំ។ ក្នុងន័យនេះ លោកតម្រូវឱ្យអ្នកសារព័ត៌មានត្រូវអនុលោមតាម និយាមវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន ហើយបើក្នុងស្ថានភាពពេលនេះចាំបាច់ត្រូវអនុវត្តតាមការកំណត់ដោយមានការសហការរបស់សមត្ថកិច្ចជំនាញក្នុងវិស័យ។

គួរកត់សម្គាល់ថា ក្នុងជម្លោះព្រំដែនដ៏ក្តៅគគុករវាងកងទ័ពខ្មែរ និងកងទ័ពថៃនាពេលនេះ ស្ទើរតែគ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗដូចជា BBC, CNA, NEW YORK TIME និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀតហាក់ផ្សព្វផ្សាយតែពីទិដ្ឋភាព និងផលប៉ះពាល់ពីក្នុងប្រទេសថៃ ដោយពុំសូវឃើញមានការផ្សព្វផ្សាយពីផលប៉ះពាល់ក្នុងប្រទេសកម្ពុជាឡើយ។ ករណីនេះ ត្រូវបានអ្នកជំនាញ កត់សម្គាល់ថា មកពីប្រព័ន្ធផ្សព្វផ្សាយធំៗទាំងអស់នោះបានបញ្ចូនអ្នកសារព័ត៌មាន ឬយកអ្នកឆ្លងឆ្លើយព័ត៌មានតែជាជនជាតិថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *