សូមអញ្ជើញអានសារសំខាន់ពី ឯកឧត្តម ហ៊ុយ វណ្ណៈ
សូមគោរពជូនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាទីគោរពនិងស្រឡាញ់!
យើងទាំងអស់គ្នាបានដឹងហើយថា នៅក្នុងពេលកង្វល់នេះ ប្រទេសជាតិជាទីស្រឡាញ់របស់យើង កំពុងប្រឈមមុខនឹងអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសត្រូវសៀម។ ជាពលរដ្ឋកម្ពុជា ដ៏ស្រឡាញ់សន្តិភាព យើងមានចិត្តឈឺចាប់ និងកំហឹងរួមគ្នា។ ដូច្នេះហើយ ខ្ញុំសូមអញ្ជើញបងប្អូនរួមគ្នាជាអ្នកគាំទ្រជាតិ មិនត្រឹមតែជាកងទ័ពនោះទេ ប៉ុន្តែជាអ្នកប្រើព័ត៌មានឲ្យបានជោគជ័យផងដែរ។
សូមអនុញ្ញាតឲ្យខ្ញុំស្នើសុំពីបងប្អូនដូចខាងក្រោម៖
១. សូមបងប្អូនដែលមិនទទួលខុសត្រូវផ្នែកព័ត៌មាន សម្រាកពីការផ្សាយព័ត៌មានផ្ទាល់ពីសមរភូមិជួរមុខ។
ព័ត៌មានពាក់ព័ន្ធនឹងសមរភូមិ សន្តិសុខជាតិ ឬយុទ្ធសាស្ត្រយោធា គឺស្ថិតនៅក្នុងកម្រិតឯកជន ដែលត្រូវបានគ្រប់គ្រងដោយអាជ្ញាធរ។ ការផ្សាយពត៌មានដូចជា ចំនួនគ្រាប់កាំជ្រួច ដែលបានបាញ់ ពេលវេលា ទិសដៅកងទ័ព ស្ថានភាពនានា — អាចប៉ះពាល់ដល់យុទ្ធសាស្ត្ររបស់យើង និងជួយឲ្យសត្រូវកំណត់សកម្មភាពរបស់យើងបានងាយ។ ព័ត៌មានខ្លះពិតជាសំខាន់ ប៉ុន្តែការរៀបចំខ្លីពេក និងគ្មានបរិបទអាចបង្កភាពភ្ញាក់ផ្អើល ឬច្រឡំ។
២. សូមបងប្អូនបង្វែរទៅការផ្សាយព័ត៌មានសាធារណមតិ និងការប្រយុទ្ធផ្នែកចិត្តសាស្ត្រ។
សូមប្រើសមត្ថភាពក្នុងការចែករំលែកព័ត៌មាន និងរូបភាពអំពីអំពើឈ្លានពានរបស់សៀមដល់សាធារណជនអន្តរជាតិ។ បង្ហាញស្ថានភាពជនភៀសខ្លួន ការបំផ្លាញប្រាសាទ វត្តអារាម មន្ទីរពេទ្យ និងបរិវេណសាធារណៈផ្សេងៗ។ ជួយផ្ដល់សម្លេងជាតិនៅលើឆាកពិភពលោក។ ពិសេស សូមជួយប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ និងចិត្តសាស្ត្រខ្មាំង។
សង្គ្រាមនេះ មិនត្រឹមតែជាសង្គ្រាមយោធានោះទេ ប៉ុន្តែជាសង្គ្រាមព័ត៌មានផងដែរ។
៣. សូមទុកព័ត៌មានយោធា និងសន្តិសុខឱ្យមន្ត្រីជំនាញធ្វើការវាយតម្លៃ និងបញ្ចេញជាផ្លូវការ។
ពេលនេះមិនមែនជាពេលវេលាដែលយើងគួរចែករំលែកយុទ្ធសាស្ត្រកងទ័ព ឬប្រកាសការប្តូរចលនា។ ព័ត៌មានណាដែលពិបាកវាយតម្លៃនូវផលប៉ះពាល់ សូមទុកឲ្យអាជ្ញាធរបច្ចេកទេសជាអ្នកកំណត់ និងគ្រប់គ្រង។
យើងស្រឡាញ់ជាតិដូចគ្នា ហើយខ្ញុំជឿជាក់ថា បងប្អូនទាំងអស់គ្នាមានបំណងល្អ។ ដូច្នេះ សូមប្រើសមត្ថភាពព័ត៌មានរបស់យើងឱ្យមានគោលដៅ និងមានសុវត្ថិភាព ដើម្បីជួយជាតិឱ្យឈ្នះនៅលើគ្រប់វិមាត្រ។
សូមទទួលនូវក្ដីស្រឡាញ់ និងការស្នើសុំពីខ្ញុំ
ឯកឧត្តម ហ៊ុយ វណ្ណៈ
អតីតអ្នកយកព័ត៌មានសង្គ្រាម ខ្មែរ-សៀម (២០០៨–២០១១)

