ទេសរដ្ឋមន្ដ្រី អ៉ីឈាន ចុះត្រួតពិនិត្យមើលកងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ទេសរដ្ឋមន្ដ្រី អ៉ីឈាន ចុះត្រួតពិនិត្យមើលកងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

(ប៉ៃលិន)៖​ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បាន​អញ្ជើញសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្ត និងត្រួតពិនិត្យមើល កងកម្លាំងជួរមុខ ដែលកំពុងឈរជើង​ការពារ​បូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន​។​

ទេសរដ្ឋមន្ដ្រី អ៉ី ឈាន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិ​សាស្ត្រខេត្តប៉ៃលិន។ បើទោះបីជាសម្តេចទាំងបី មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៏សម្តេចតែងតែនឹករលឹកដល់​កង​កម្លាំងរបស់​យើងជានិច្ច។​

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែន មាន​ស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់​តូច ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ កំពុងមានការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងខ្លាំង រហូតដល់ប្រើ​យន្ត​ហោះ​ចម្បាំងផងដែរ ហើយកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា យើងកំពុងប្រយុទ្ធដេញចោរឈ្លានយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារបូរណៈភាពទឹកដី។

លោកកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែល​នាយ​ទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និង​អភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឲ្យរស់រៀនមានជីវិតល្អប្រសើរ ស្រប​តាម​គោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឲ្យក្នុង បុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *